តាមរយៈទំហំវិនិយោគ ២,៧ ពាន់លានដុល្លារ បានធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅ វិនិយោគក្រៅនៅប្រទេសធំបំផុតទី៣របស់វៀតណាម បន្ទាប់ពីប្រទេសឡាវ និងរុស្ស៊ី។
តាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគ វៀតណាម បានឲ្យដឹងទៀតថា រយៈពេល១០ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនវៀតណាមបានចេញ វិនិយោគនៅក្រៅប្រទេសមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៩,៥ ពាន់លានដុល្លារអាមេរិក និងបានទទួលបានប្រាក់ចំណេញ និងដើមទុនត្រឡប់មកប្រទេសកំណើតវិញប្រមាណ ៣ពាន់លានដុល្លារអាមេរិក។
ទិសដៅវិនិយោគនៅក្រៅប្រទេសដែលក្រុមហ៊ុនវៀតណាម បានដាក់ទុនរកស៊ីច្រើនជាងគេបង្អស់ នៅរយៈពេល ១០ឆ្នាំមកនេះ គឺប្រទេសឡាវ ដែលមានតម្លៃទុនវិនិយោគសរុបដល់ទៅ ៤,៩ពាន់លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគ ២០៨ គម្រោង បន្ទាប់មកគឺប្រទេសរុស្ស៊ីមាន២,៨ ពាន់ លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគតែ ១៥គម្រោងប៉ុណ្ណោះ ខណៈដែលកម្ពុជាឈរលេខ៣ ទទួលបានទុនវិនិយោគពីវៀតណាម ២,៧ ពាន់លានដុល្លារអាមេរិក ជាមួយគម្រោងវិនិយោគចំនួន ១៨០ គម្រោង និងតាមពីក្រោយដោយប្រទេសវេណេស៊ុយអេឡា និងមីយ៉ាម៉ា ដែលមានទុនវិនិយោគ ក្រោម ២.០០០ លានដុល្លារអាមេរិកដូចៗគ្នា។
គម្រោងដែលក្រុមហ៊ុនវៀតណាមវិនិយោគ ភាគច្រើន គឺស្ថិតនៅក្នុងវិស័យផលិតកែច្នៃ បន្ទាប់មក គឺទូរគមនាគមន៍ និងបច្ចេកវិទ្យា និងការរុករកប្រេង និងហ្គាសជាដើម។ ប៉ុន្ដែ បើមើលទៅលើទំហំវិនិយោគវិញ គឺការវិនិយោគទៅក្នុងវិស័យរុករកប្រេង និងហ្គាស គឺមានទំហំទុនវិនិយោគធំជាងគេបង្អស់ បន្ទាប់មកគឺវិស័យទូរគមនាគមន៍ វារីអគ្គិសនី និងរោងចក្រផលិតកែច្នៃ។
តាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានឲ្យដឹងថា សម្រាប់រយៈពេល ៥ខែ ដំបូងនៅឆ្នាំ ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម សម្រេចបានជាង ២,១ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះជាង ៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលការថយចុះនេះ គឺបណ្តាលមកពី ការជះឥទ្ធិពលអវិជ្ជមាននៃមេរោគកូវីដ-១៩។
ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់វៀតណាម សម្រេចបានជាង ៤៧៦លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ១៥% ខណៈដែល ការនាំចេញទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ១,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្ពុជា និងវៀតណាម សម្រេចបានជិត៥,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ ២០១៨៕