ប្រទេសវៀតណាម

វៀតណាម គ្រោងបន្ដបើកឲ្យពលរដ្ឋខ្លួន ចូលលេងល្បែងស្របច្បាប់នៅកាស៊ីណូលើកោះត្រល់ ឬភូកុក២ឆ្នាំទៀត


ប្រទេសវៀតណាម មែនទែនទៅ មិនធ្លាប់មានច្បាប់ផ្លូវការអនុញ្ញាតឲ្យពលរដ្ឋខ្លួនលេងល្បែងស៊ីសងក្នុងកាស៊ីណូក្នុងប្រទេសនោះឡើយ ប៉ុន្ដែ ក្រោយពីគម្រោងបើកសាកល្បងឲ្យពលរដ្ឋខ្លួនអាចចូលលេងល្បែងនៅកាស៊ីណូលើកោះត្រល់ ឬភូកុក បាន៣ឆ្នាំកន្លងមកនេះ វៀតណាមប្រមូលចំណូលរាប់លានដុល្លារ។
វៀតណាមគ្រោងឱ្យពលរដ្ឋខ្លួនបន្តចូលលេងល្បែងនៅកាស៊ីណូលើកោះត្រល់
ដោយ

ដោយមើលឃើញពីប្រភពចំណូលនេះ ឥឡូវនេះ ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហាញពីគោលបំណងចង់បន្ដអនុញ្ញាតឱ្យជនជាតិវៀតណាម អាចលេងល្បែងនៅកាស៊ីណូលើកោះត្រល់ ឬភូកុកនេះ ចំនួន២ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

យោងតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម ដែលបានបញ្ជូនទៅកាន់ការិយាល័យនយោបាយ បានឱ្យដឹងថា កម្មវិធីសាកល្បងអនុញ្ញាតឲ្យពលរដ្ឋអាចចូលលេងល្បែងកាស៊ីណូនៅកោះត្រល់ ឬភូកុក ដែលបានធ្វើឡើង រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២១ គឺពិតជាបានបង្ហាញប្រសិទ្ធភាពនៃគោលនយោបាយដ៏ត្រឹមត្រូវ ដែលបានបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរបស់រដ្ឋផងដែរ។

កម្មវិធីសាកល្បងនេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋវៀតណាម អាចចូលល្បែងនៅកាស៊ីណូ Corona ដែលស្ថិតនៅលើកោះត្រល់ ឬកោះហ្វូកុក និងបានជួយបង្កើតការងារដល់មនុស្សប្រមាណ ២ពាន់នាក់។

សូមរំលឹកថា គិតពីឆ្នាំ២០១៩ ដល់ ២០២១ កាស៊ីណូ Corona បានទទួលភ្ញៀវប្រមាណជាង ២៤ម៉ឺននាក់ ក្នុងនោះមានជនជាតិវៀតណាមប្រហែល ៦៥% ដោយពួកគេបានចំណាយខ្ទង់ ៦លានដុល្លារ ឬស្មើនឹង ៥% នៃចំណូលសរុបរបស់កាស៊ីណូ ដែលមានចំនួនជាង ១១១លានដុល្លារ ខណៈការបង់ពន្ធជូនរដ្ឋដល់ជាង ៧០លានដុល្លារ។

សូមជម្រាបថា Corona ជាកាស៊ីណូមួយក្នុងចំណោមកាស៊ីណូពីរដែលបានបើកសម្រាប់ជនជាតិវៀតណាមលេង ក្នុងកម្មវិធីសាកល្បងនេះ។ កាស៊ីណូមួយទៀត គឺស្ថិតក្នុងខេត្ត Quang Ninh ប៉ុន្តែមិនទាន់ទទួលបានការយល់ព្រមសម្រាប់ការវិនិយោគនៅឡើយទេ។

គួរបញ្ជាក់ដែរថា ដើម្បីអនុញ្ញាតឱ្យជនជាតិវៀតណាម អាចចូលលេងល្បែងនៅកាស៊ីណូ Corona ក្នុងកម្មវិធីសាកល្បងខាងលើនេះបាន គឺពួកគេត្រូវមានអាយុលើសពី២១ឆ្នាំ មានប្រាក់ចំណូលទាបបំផុតជាង ៤០០ដុល្លារក្នុងមួយខែ គ្មានកំណត់ត្រាជាប់ទោសឧក្រិដ្ឋពីមុនមក និងគ្មានការជំទាស់ពីគ្រួសារឡើយ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


នៅអំឡុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង លើកឡើងអ្វីខ្លះអំពីស្ថានភាពសេដ្ឋកិច្ចចិន?

ក្នុងរយៈពេលជិត២ម៉ោងដែលលោកស៊ី ជីនពីង ថ្លែងនៅក្នុងថ្ងៃបើកសមាជបក្សកុម្មុយនិស្តចិនដែលធ្វើឡើងរាល់៥ឆ្នាំម្តង កាលពីថ្ងៃទី ១៦ ខែតុលា បញ្ហានិងសមិ…

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ជាក្រុមស្ថិតក្នុងហានិភ័យនៃអតិផរណា និងបានអំពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ