វៀតណាម ដែលជាប្រទេសមួយទទួលបានផលប្រយោជន៍ច្រើនពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បានកំណត់គោលដៅជំរុញការជួយដូរភាគហ៊ុនឱ្យឈានដល់២០០ពាន់លានដុល្លារនៅក្នុងរង្វង់ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការជួយគាំទ្រពីរដ្ឋាភិបាលវៀតណាម ចំពោះកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងការធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពពាណិជ្ជកម្ម កំពុងជំរុញការទាក់ទាញលំហូរមូលនិធិសកលពីគ្រប់តំបន់ចូលមកកាន់ទីផ្សារភាគហ៊ុនរបស់វៀតណាម។
លោក ថាញ់ ក្វាន ជុង (Thanh Quan Trong) ប្រធានក្រុមស្រាវជ្រាវទីផ្សារនៃធនាគារ Maybank នៅវៀតណាម បាននិយាយថា ស្ថានភាពហិរញ្ញវត្ថុវៀតណាម ពិតជាមានការប្រែប្រួលខ្លាំងមែនទែន ហើយរំពឹងថា វានឹងកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងខែកញ្ញា ឆ្នាំក្រោយ។ លោក ជុង កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយវៀតណាម មានការវិវត្តយ៉ាងល្អទាំងបញ្ហាបទប្បញ្ញត្តិ និងបញ្ហាចាំបាច់នានា ដែលវានឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញឱ្យទីផ្សារវៀតណាម កាន់តែមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
តាមរយៈការព្យាករ វៀតណាមនឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) យ៉ាងហោចណាស់ពី៦,២% ទៅ៦,៥% នៅឆ្នាំក្រោយ ដែលនឹងជំរុញដោយការកើនឡើងនៃតម្រូវការសកល និងការស្តារទំនុកចិត្តអ្នកប្រើប្រាស់ក្នុងស្រុកឡើងវិញ។
យោងតាមវិទ្យាស្ថានសម្រាប់គោលនយោបាយសេដ្ឋកិច្ច និងស្រាវជ្រាវរបស់វៀតណាម កំណើន GDP របស់វៀតណាមនៅត្រីមាសទី៤ ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងឈានដល់៧,៤% ឯណោះ៕
ដោយៈ សរ សុជាតិ