Uber ជាក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីតាម App ទូរស័ព្ទដៃ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រតិបត្តិការនៅតាមទីក្រុងធំៗជាច្រើននៅលើពិភពលោក។
ដោយឡែកនៅប្រទេសវៀតណាម សេវារបស់ Uber មិនត្រូវបានអាជ្ញាធរវៀតណាមផ្ដល់អាជ្ញាប័ណ្ណឲ្យទេ ដោយសារក្រុមហ៊ុននេះមិនទាន់បានបង្កើតស្ថាប័នស្របច្បាប់ឯករាជ្យនៅក្នុងប្រទេសវៀតណាមនៅឡើយ។
និយ័តករទីផ្សារបានប្រកាសថា ក្រុមហ៊ុនដែលគ្រប់គ្រង Uber នៅក្នុងប្រទេសវៀតណាម គួរតែទទួលខុសត្រូវក្នុងការស្នើសុំអាជ្ញាប័ណ្ណនេះ មិនមែនអង្គភាពធុរកិច្ចវៀតណាមជាដៃគូរបស់ខ្លួននោះទេ។
នៅប្រទេសវៀតណាម ក្រុមហ៊ុនបរទេសតែមួយគត់ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យផ្ដល់សេវាតាក់ស៊ីដោយស្របច្បាប់ គឺក្រុមហ៊ុន GrabTaxi មកពីប្រទេសម៉ាឡេស៊ី។
ដោយឡែក ក្រុមហ៊ុន Uber ត្រូវបានអាជ្ញាធរនិយាយថា បានផ្ដល់សេវាតាក់ស៊ីតាមប្រព័ន្ធ App ទូរស័ព្ទដៃ ដោយខុសច្បាប់។
គួររំឭកថា ក្រុមហ៊ុនតាក់ស៊ីអនឡាញ Uber ធ្លាប់មកប្រទេសកម្ពុជា និងបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែ ក្រុមហ៊ុន Uber និយាយថា ខ្លួនត្រូវការពេលវេលាធ្វើការសិក្សាទីផ្សារបន្ថែមទៀត មុនពេលសម្រេចចិត្តថានឹងបើកប្រតិបត្តិការនៅកម្ពុជា ឬយ៉ាងណានោះ។
នៅប្រទេសកម្ពុជា សេវាដឹកជញ្ជូនត្រូវគេមើលឃើញថា បានវិវឌ្ឍខ្លួនគួរឲ្យកត់សម្គាល់មួយទសវត្សរ៍ចុងក្រោយ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែល្អប្រសើរឡើង និងការអភិវឌ្ឍបច្ចេកវិទ្យា។
ជាឧទាហរណ៍ កូនខ្មែរមួយក្រុមបានបង្កើតប្រព័ន្ធកក់សំបុត្ររថយន្តក្រុងតាមអនឡាញ ឈ្មោះ BookMeBus ដែលជួយសម្រួលដល់ទាំងអ្នកធ្វើដំណើរ និងទាំងក្រុមហ៊ុនប្រតិបត្តិការសេវាឡានក្រុង។ ក្រុមហ៊ុនកូនខ្មែរមួយនេះ គ្រោងនឹងអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនថែមទៀតដើម្បីជំរុញការលូតលាស់នៃវិស័យដឹកជញ្ជូននៅកម្ពុជា។
វត្តមាននាពេលអនាគតនៃក្រុមហ៊ុន Uber ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យបើកនៅកម្ពុជា ត្រូវគេមើលឃើញថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនក្នុងស្រុកដែលទើបនឹងដំណើរការបានមិនប៉ុន្មានឆ្នាំផងនោះ៕