
ការថមថយចុះនៃករណីឆ្លងជងឺកូវីដ ១៩ ក៏ដូចជាការបន្ធូរបន្ធយវិធានការរឹតត្បិតការធ្វើដំណើរ និង វិធានការគម្លាតសង្គមនៅប្រទេសវៀតណាម នឹងធ្វើឱ្យពលរដ្ឋ និង បណ្ដាក្រុមហ៊ុនសហគ្រាស អាចប្រកបអាជីវកម្មបានឡើងវិញ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងប្រទេសមួយនេះចាប់ផ្ដើមមានដំណើរការបណ្ដើរៗឡើងវិញហើយ ពោលគឺគោលនយោបាយនេះនឹងស្វែងរកការជំរុញសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចឱ្យដូចប្រក្រតីឡើងវិញ។
ទន្ទឹមនឹងនេះ ក្រោយការបើកដំណើរការវិញ គេមើលឃើញពីការខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើននៅតាមរោងចក្រផលិត និង ការដ្ឋានសំណង់ ដូចនេះ ពលរដ្ឋវៀតណាមមានឱកាសជាច្រើនក្នុងការចាប់ផ្ដើមការងារថ្មី ជាពិសេសសម្រាប់អ្នកបាត់បង់ការងារកំឡុងពេលកូវីដ។
សូមជម្រាបថា
គិតត្រឹមថ្ងៃទី ២៩ កញ្ញា ករណីឆ្លងថ្មីនៅវៀតណាមមានប្រមាណ ៨.៧០០ នាក់
និងអ្នកស្លាប់ថ្មីមានចំនួន ១៦២នាក់
ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើង ប្រមាណ ៧៧ ម៉ឺននាក់
និង អ្នកស្លាប់សរុបប្រមាណជិត ២ម៉ឺននាក់។
កន្លងមកនេះ វៀតណាមត្រូវបានកត់ត្រាមានចំនួនអ្នកឆ្លងខ្ពស់រហូតដល់ជាង ១ ម៉ឺន ៥ពាន់នាក់ ក្នុងមួយថ្ងៃ នៅក្នុងរលកឆ្លងទី ៤ នៃជំងឺកូវីដ គិតចាប់តាំងពីចុងខែមេសាមក។ ជាពិសេសនៅទីក្រុងហូជីមិញ ដែលជាចំណុចកណ្ដាលនៃរលកឆ្លងចុងក្រោយបង្អស់របស់វៀតណាម ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមយ៉ាងធ្ងន់ធ្ងរផងដែរ។
គិតត្រឹមថ្ងៃទី ២៨ ខែ កញ្ញា ពលរដ្ឋវៀតណាមដែលបានចាក់វ៉ាក់សាំង ១ ដូសមានប្រមាណត្រឹមតែ ២៣ លាននាក់ប៉ុណ្ណោះ ខណៈ អ្នកទទួលបានការចាក់ ២ ដូស មានប្រមាណ ៩ លាននាក់ ស្មើនឹងជាង ៩% នៃចំនួនប្រជាជនសរុបរបស់វៀតណាម៕
អត្ថបទ ស៊ើង និមល់