បច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA នេះ គឺដូចទៅនឹងបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Pfizer របស់អាមេរិកដែរ។
ភ្នាក់ងារព័ត៌មានវៀតណាម VNA បានបញ្ជាក់ដែរថា ដោយសារតែបច្ចុប្បន្នការផ្គត់ផ្គង់វ៉ាក់សាំងនៅវៀតណាមនៅមានកម្រិត ពិសេសគឺស្ថានភាពកូវីដ-១៩ កំពុងបង្កហានិភ័យប្រឈមកាន់តែខ្លាំងនោះ ក្រសួងសុខាភិបាលវៀតណាម បានជួបជាមួយនឹងតំណាងអង្គការសុខភាពពិភពលោក ដើម្បីឲ្យជួយសម្របសម្រួលដល់ការចរចានាំយកបច្ចេកវិទ្យា mRNA សម្រាប់ការផលិតវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាមដោយផ្ទាល់។
ក្រុមហ៊ុនផលិតវ៉ាក់សាំងបានរងនូវសម្ពាធកាន់តែខ្លាំង ក្នុងការផ្ដល់បន្ដនូវប៉ាតង់របស់ពួកគេ ដើម្បីជួយដល់ប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំង។ ក្រុមហ៊ុន អាល្លឺម៉ង់ BioNTech និងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗទៀត បាននិយាយថា ពួកគេបានផ្ទេរចំណេះដឹងផលិតកម្មសំខាន់ៗ ទៅកាន់ប្រទេសផ្សេងៗក្នុងពិភពលោក សំដៅដល់ការពន្លឿនការផលិតវ៉ាក់សាំង និងចែកចាយទៅកាន់ប្រទេសឲ្យបានកាន់តែច្រើន។ យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន BioNTech ក៏បានប្រកាសពីផែនការបង្កើតមជ្ឈមណ្ឌលតំបន់ និងរោងចក្រផលិតវ៉ាក់សាំងរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរីផងដែរ។
ប្រទេសវៀតណាមមានបំណងនឹងចាក់វ៉ាក់សាំង AstraZeneca ជិត១លានដូស ជូនដល់ពលរដ្ឋរបស់ខ្លួន ឲ្យបាននៅត្រឹមថ្ងៃ ១៥ខែឧសភា ដែលវ៉ាក់សាំងទាំងនេះ បានមកពីកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក។ យ៉ាងណាមិញ នៅចុងឆ្នាំនេះ វៀតណាមរំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែមទៀតពី Covax តែវាមិនគ្រប់គ្រាន់សម្រាប់ការចាក់ជូនពលរដ្ឋរបស់ខ្លួននោះទេ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម មួយកន្លងទៅនេះ ត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលមានការគ្រប់គ្រងកូវីដ-១៩បានល្អជាងគេបើធៀបនឹងប្រទេសក្នុងតំបន់ផ្សេងទៀត។ ប៉ុន្ដែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការផ្ទុះឆ្លងក្នុងសហគមន៍នៅវៀតណាមចាប់ផ្ដើមកម្រើកឡើងជាថ្មីទៀតហើយ ដែលបង្កជាក្ដីបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែង កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ទៅជាងជាង១០០នាក់ ដែលជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានតាំងពីមានផ្ទុះកូវីដ-១៩នៅក្នុងប្រទេសនេះមក។ សរុបចំនួនអ្នកឆ្លងកូវីដ-១៩នៅវៀតណាមគិតមកទល់ពេលនេះ មានជាង៣ពាន់៥រយនាក់ហើយ ខណៈអ្នកស្លាប់មាន៣៥នាក់៕