នៅប៉ុន្មានខែចុងក្រោយនេះ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ (Pham Minh Chinh) និងសមាជិកក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធកំពូលៗផ្សេងទៀត បាននិងកំពុងជំរុញឱ្យមានដំណោះស្រាយជាបន្ទាន់ដើម្បីរក្សាស្ថិរភាពទីផ្សារមាស ដែលកំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់វៀតណាម។
កាលពីសប្ដាហ៍មុន ទន្ទឹមនឹងការណែនាំឱ្យធនាគារកណ្ដាលវៀតណាម (SBV) បង្កើនវិធានការដើម្បីរម្ងាប់ទីផ្សារមាស រដ្ឋាភិបាលវៀតណាម កំពុងចាត់វិធានការបង្រួមគម្លាតកុំឱ្យវាខុសគ្នាខ្លាំងពេករវាងហាងឆេងមាសក្នុងស្រុក និងហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ដើម្បីបញ្ចៀសផលអវិជ្ជមាន។ វិធានការទាំងនោះ រួមមានទាំងការបញ្ចប់សិទ្ធិផ្ដាច់មុខរបស់រដ្ឋក្នុងការនាំចូលមាស និងការផលិតមាសផងដែរ ដើម្បីកាត់បន្ថយការត់ពន្ធមាស។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា ការនាំចូលមាសរបស់ប្រទេសវៀតណាម បានកើនឡើងខ្លាំងឈានដល់ជាង៥៥តោន ក្នុងឆ្នាំ២០២៣ បើធៀបនឹងជិត៤០តោនក្នុងឆ្នាំ២០២០ ហើយគេជឿថា មួយភាគធំនៃកំណើននាំចូលមាសនេះ គឺធ្វើឡើងតាមរយៈបណ្ដាញខុសច្បាប់ដោយសាររដ្ឋាភិបាលបានរឹតបន្តឹងការនាំចូលមាស។
កំណើននៃការរត់ពន្ធមាសដោយខុសច្បាប់នេះ គឺដោយសារកង្វះការផ្គត់ផ្គង់មាសជាផ្លូវការ ហើយមាសមានតម្រូវការខ្ពស់ខ្លាំង ស្របពេលពិភពលោកកំពុងជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច៕
ដោយ: តែម សុខុម