នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃការចូលរួមក្នុង«កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រទាំងស្រុងលើគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម«ប្រទេសបី គោលដៅតែមួយ» ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែកផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត និងបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀតដូចជា វិស័យការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ជាដើម។
យ៉ាងណាមិញ ឯកឧត្តម ផាម មីញជីញ បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាម កំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍៕