បើយោងតាមអនុស្សរណៈនេះ ប្រទេសវៀតណាម នឹងធ្វើការទិញថាមពលពីរោងចក្រវារីអគ្គិសនីចំនួន ២ និងរោងចក្រថាមពលធ្យូងថ្ម មួយទៀតរបស់ប្រទេសឡាវ រួមមាន រោងចក្រវារីអគ្គិសនី ណាំ យៀង មានកម្លាំងថាមពល ៨៤មេហ្គាវ៉ាត់ និងរោងចក្រថាមពលធ្យូងថ្ម ណាំ ផាន់ មានកម្លាំង ៣០០មេហ្គាវ៉ាត់ ហើយនិងរោងចក្រវារីអគ្គិសនី ណាំ នឺន មានកម្លាំង ១២៤មេហ្គាវ៉ាត់ នឹងចាប់ផ្តើមចែកចាយថាមពល ទៅកាន់ប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០២៤ និង ២០២៥។
កាលពីដើមឆ្នាំ ២០២០នេះ ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ រួចទៅហើយ ជាមួយក្រុមហ៊ុនឡាវចំនួន ២ ដើម្បីបញ្ជាទិញថាមពលអគ្គិសនី ១ពាន់ ៥រយលាន គីឡូវ៉ាត់ម៉ោង សម្រាប់ឆ្នាំ ២០២១ និង ២០២២។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានធ្វើការព្រមានរួចជាស្រេចថា នៅក្នុងឆ្នាំ ២០២១ វៀតណាម អាចនឹងខ្វះខាតថាមពលប្រមាណ ៣ពាន់ ៥រយលានគីឡូវ៉ាត់ម៉ោង ហើយដល់ឆ្នាំ ២០២២ខាងមុខ អាចនឹងខ្វះខាតដល់ទៅ ១០ពាន់លានគីឡូវ៉ាត់ម៉ោង ដោយសារតែគម្រោងសាងសង់រោងចក្រថាមពលកម្តៅ និងឧស្ម័ន ត្រូវបានពន្យារពេល និងដើរយឺតជាងការរំពឹងទុក។
លើសពីនេះ នៅឆ្នាំ ២០២៣ខាងមុខ គឺកាន់តែលំបាក ដោយសារតែកង្វះខាតថាមពល អាចនឹងកើនឡើងដល់ទៅ ១៥ពាន់លានគីឡូវ៉ាត់ម៉ោង តែវៀតណាមរំពឹងថា កង្វះខាតនេះ នឹងធ្លាក់ចុះមកវិញ នៅក្នុងឆ្នាំ ២០២៤ និង ២០២៥ខាងមុខ។
ទោះយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់រួចហើយថា បញ្ហានេះ ត្រូវដោះស្រាយដោយការទិញថាមពលមកពី ប្រទេសចិន និងឡាវ បើទោះបី មិនមែនជាដំណោះស្រាយដ៏ល្អក្តី ហើយក្នុងគោលដៅរយៈពេលវែង គឺត្រូវពន្លឿនការងារលើ គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីធំៗជាបន្តទៀត៕