តាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគរៀតណាម បានឲ្យដឹងថា កម្រិតបំណុលសាធារណៈនៅឆ្នាំនេះ អាចនឹងថយចុះ ប្រមាណ ២,៣% ពោលគឺនៅមានចំនួនតែប្រមាណ ១៣៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ នៃចំនួនទំហំ GDP ដែលមានជាង ២១៨ ពាន់លានដុល្លារអាមេរិក។
បើគិតជាភាគរយវិញ កម្រិតបំណុលសាធារណៈ នៅឆ្នាំនេះ អាចនឹងថយចុះមកនៅតែ ៦១% នៃ GDP ខណៈដែល តួលេខប៉ាន់ដែលរដ្ឋាភិបាលវៀតណាមប៉ាន់ស្មានកាលពីខែសីហាកន្លងទៅមាន ៦៤% នៃ GDP។
ទោះយ៉ាងណារដ្ឋាភិបាលវៀតណាម ក៏ធ្លាប់បានដាក់ពិដានរួចហើយដែរ លើកម្រិតបំណុលសាធារណៈនេះ ដោយកំណត់មិនឲ្យលើសពី ៦៥% នៃGDP នោះឡើយ ដោយសារបារម្ភអំពីវិបត្តិធ្ងន់ធ្ងរ ដែលអាចកើតមាន។
តាមរបាយការណ៍ដដែល បានប៉ាន់ស្មានថា ការប្រមូលចំណូលនៅឆ្នាំនេះ នឹងកើនដល់ ៥៦ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនជាង ៥% ខណៈដែលការចំណាយលើសលុបរបស់រដ្ឋាភិបាលវិញ នៅមាន ៣,៦% នៃ GDP។
ក្នុងឆ្នាំនោះដែរ ចំណូលបានមកពីការនាំចេញរបស់វៀតណាម រំពឹងថានឹងកើនដល់ ២៥៦ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនប្រចាំឆ្នាំ ៨% ខណៈដែលការនាំចូលវិញ នឹងសម្រេចបាន ២៦១ពាន់លានដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់វៀតណាម ទោះបីជាសេដ្ឋកិច្ចនៅរក្សាបានស្ថិរភាពល្អនៅឆ្នាំនេះក៏ដោយ ប៉ុន្ដែ ក៏អាចទទួលរងផលប៉ះពាល់ពីបរិកាណ៍ខាងក្រៅផងដែរ។ តួយ៉ាងការរងសម្ពាធពីគោលនយោបាយគាំពារនិយមរបស់អាមេរិក តម្លៃប្រេង និងតម្លៃទំនិញសកលលោកមានការកើនឡើង និងសង្គ្រាមពាណិជ្ជកម្មរវាងចិន អាមេរិកផងដែរ។
គួរជម្រាបថា តាមការសន្និដ្ឋានកាលពីខែសីហាកន្លងទៅ របស់ក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម នៅចុងឆ្នាំ២០១៨ ទំហំបំណុលសាធារណៈរបស់ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ទំនងនឹងអាចកើនដល់ប្រមាណ ៦៤% នៃទំហំផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសនេះ ពោលគឺមានតម្លៃជាទឹកប្រាក់ ប្រមាណ ១៥០ពាន់លានដុល្លារអាមេរិក។ ក្នុងកម្រិតបំណុលនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗរបស់វៀតណាម នឹងត្រូវជាប់បំណុលសាធារណៈរហូតដល់ ១៥០០ ដុល្លារអាមេរិក។
ទោះយ៉ាងណា តាមរបាយការណ៍ចុងក្រោយនៅចុងខែកញ្ញានេះ រដ្ឋាភិបាលវៀតណាម រំពឹងថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងជួយកាត់បន្ថយកម្រិតបំណុលសាធារណៈនេះឲ្យនៅត្រឹម ៦១% ប៉ុណ្ណោះនៃ GDP៕