
សារព័ត៌មាន VN Express បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យរដ្ឋាភិបាលដំឡើងថ្លៃសំបុត្រចូលកាស៊ីណូសម្រាប់ពលរដ្ឋវៀតណាម ពី២ទៅ២,៥ដង ដើម្បីរឹតបន្តឹងពលរដ្ឋខ្លួនកុំឱ្យចូលកាស៊ីណូ។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ចំណាត់ការនេះអាចសម្រួលដល់ការចូលកាស៊ីណូរបស់ពលរដ្ឋវៀតណាម ទៅវិញទេ ព្រោះច្បាប់ទម្លាប់ដែលមានស្រាប់ តម្រូវឱ្យពលរដ្ឋវៀតណាម ត្រូវមានលិខិតបញ្ជាក់ប្រាក់ចំណូល និងមានការដាក់កម្រិតអាយុសម្រាប់ការចូលកាស៊ីណូ។
តាមតារាងតម្លៃចូលកាស៊ីណូសម្រាប់ពលរដ្ឋវៀតណាម ដែលក្រសួងហិរញ្ញវត្ថុទើបពង្រាងឡើង គឺតម្រូវឱ្យពលរដ្ឋវៀតណាមបង់ថ្លៃសំបុត្រចំនួន៩៥ដុល្លារសម្រាប់ការចូលកាស៊ីណូ២៤ម៉ោង ប៉ុន្តែប្រសិនបើចង់ចូលលេងជាប្រចាំ គឺមួយខែត្រូវបង់ថ្លៃសំបុត្ររហូតដល់ទៅ១ពាន់៩រយដុល្លារឯណោះ។ ចាប់តាំងពីឆ្នាំ២០១៦ មកច្បាប់កំណត់ថា ពលរដ្ឋវៀតណាម អាចចូលកាស៊ីណូក្នុងប្រទេសបានលុះត្រាតែពួកគេមានអាយុលើសពី២១ឆ្នាំ និងមានប្រាក់ចំណូលប្រចាំខែយ៉ាងតិចប្រមាណ៤០០ដុល្លារ។
មកទល់ពេលនេះវៀតណាម មានកាស៊ីណូប្រមាណ៩កន្លែង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកាស៊ីណូទាំងនោះមានទីតាំងស្ថិតនៅតែលើកោះត្រល់តែប៉ុណ្ណោះ។ អាជ្ញាធរវៀតណាម បានគ្រប់គ្រងកាស៊ីណូយ៉ាងតឹងរ៉ឹងដោយតម្រូវបំពាក់ប្រព័ន្ធកាមេរ៉ាគ្រប់កន្លែងនៃប្រតិបត្តិការ ដោយរួមទាំងច្រកចេញចូល កន្លែងលេងល្បែងស៊ីសង កន្លែងប្តូរលុយ និងកន្លែងគ្រប់គ្រងលុយ ជាពិសេសអ្នកចូលលេងល្បែងតម្រូវឲ្យបង្ហាញអត្តសញ្ញាណអេឡិចត្រូនិក ដែលមានព័ត៌មានលម្អិតពីខ្លួន៕
ដោយៈ សរ សុជាតិ