
រដ្ឋាភិបាលវៀតណាម បានអះអាងកាលពីពេលថ្មីៗថា វៀតណាមនឹងអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX របស់លោក អេឡិន ម៉ាស់ បើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ខ្លួនសាកល្បងរយៈពេល៥ឆ្នាំ ហើយគម្រោងនេះត្រូវធានាការពារសន្តិសុខជាតិ។ រដ្ឋាភិបាលវៀតណាម បានកំណត់ឱ្យមានអ្នកប្រើប្រាស់ត្រឹមតែ៦០ម៉ឺននាក់ សម្រាប់រយៈពេលសាកល្បង៥ឆ្នាំនេះ ហើយរដ្ឋាភិបាល បានចាត់ឱ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈ ជាអ្នកសម្របសម្រួលគម្រោងនេះ និងធ្វើការរួមគ្នាជាមួយនឹងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សេវាអ៊ីនធឺណិត Starlink បានប្រតិបត្តិការនៅក្នុងទីផ្សារជាង១២០ នៅទូទាំងពិភពលោក។ ហើយនៅតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីប្រទេសវៀតណាម ក៏មានប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី ដែលបានបើកដំណើរការសេវាអ៊ីនធឺណិតនេះដែរ។
ដើម្បីបានប្រើសេវាអ៊ីនធឺណិត Starlink នេះ អ្នកប្រើប្រាស់ត្រូវទិញឧបករណ៍ Hardware ដែលមានតម្លៃជិត៥៥០ដុល្លារ ដែលរួមមានអង់តែន ប្រអប់វ៉ាយហ្វាយ និងខ្សែតអ៊ីនធឺណិត ហើយនឹងត្រូវបង់ថ្លៃប្រើសេវាប្រចាំខែដែលប្រែប្រួលទៅតាមទីផ្សារនៃប្រទេស និងតំបន់នីមួយៗ៕
អត្ថបទ៖ សុខ មង្គល