បើទោះបីជាវៀតណាម ស្នើឱ្យភាគីចិនបើកចក្រព្រំដែនឱ្យមានការចរាចរទំនិញឡើងវិញក៏ដោយ ក៏គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីភាគីចិននៅឡើយទេ ស្របពេលដែលក្រុមហ៊ុននាំចេញរបស់វៀតណាមត្រូវបានលើកទឹកចិត្តឱ្យមានការធានាការវេចខ្ចប់ទំនិញរបស់ពួកគេគ្មានមេរោគកូវីដ១៩ និងបង្កើនគុណភាពទំនិញមុនពេលនាំចេញ។ ប៉ុន្តែ រហូតមកទល់ពេលនេះ នៅមានរថយន្តកុងតឺន័រជាង ២៤០០ គ្រឿងដែលមាន ៦០ ភាគរយជារថយន្តដឹកផ្លែឈើស្រស់កំពុងតែនៅជាប់គាំងនៅច្រកព្រំដែនខេត្ត ឡាង សុន (Lang Son)។
ប៉ុន្តែយ៉ាងណាមិញ នៅតាមច្រកព្រំដែនមួយចំនួនដូចជា តាន ថាញ់ (Tan Thanh) និងគុកណាម (Coc Nam) ភាគីចិនបានផ្ដល់ជូននូវការសម្របសម្រួលតាមនីតិវិធីចាំបាច់បណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យរថយន្តកុងតឺន័រតែពីរ ឬបីកុងតឺន័រប៉ុណ្ណោះ អាចឆ្លងកាត់ទៅកាន់ប្រទេសចិនក្នុងមួយថ្ងៃៗ។
សូមជម្រាបថា ការអនុវត្តគោលនយោបាយគ្មានកូវីដ ឬ Zero Covid របស់ប្រទេសចិន ក្នុងកំឡុងពេលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ បានធ្វើឱ្យប្រទេសចិនរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូនរបស់ពួកគេយ៉ាងតឹងរ៉ឹងបំផុត។ ការវិធានការត្រួតពិនិត្យលើទំនិញនាំចូលនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូន ជាពិសេសប្រទេសវៀតណាម ខណៈដែលប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំមួយរបស់វៀតណាម ហើយក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំ២០២១៕