វៀតណាម

ក្រុមហ៊ុនវៀតណាមប្ដឹងក្រុមហ៊ុនយក្ស Amazon ទាមទារសំណង ២៨០ លានដុល្លារ


ក្រុមហ៊ុនវៀតណាមឈ្មោះ ហ្គីលីម៉ិក អ៊ីន (Gilimex Inc) កំពុងដាក់ពាក្យប្តឹងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់អាមេរិក គឺក្រុមហ៊ុនអាម៉ាហ្សូន ដើម្បីទារសំណងចំនួន ២៨០ លានដុល្លារ ដោយក្រុមហ៊ុនវៀតណាមមួយនេះបានចោទថា ក្រុមហ៊ុនអាម៉ាហ្សូនបានកាត់បន្ថយការបញ្ជាទិញធ្វើឱ្យក្រុមហ៊ុនវៀតណាមនៅសល់ទំនិញចាល់ពេញស្ដុកបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VNExpress ។
ក្រុមហ៊ុនវៀតណាមប្ដឹងក្រុមហ៊ុនយក្ស Amazon
ដោយ

ក្រុម​ហ៊ុន ហ្គីលីម៉ិក ដែល​ផលិតផលិតផលវាយនភណ្ឌ និងផលិតផលផ្សេងទៀត​មានមូលដ្ឋាន​នៅទីក្រុងហូជីមិញ​ ​បានរៀប​រាប់​​នៅក្នុងពាក្យ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ដាក់​ទៅ​តុលាការ​រដ្ឋ​ញូវយ៉ក​កាលពីថ្ងៃទី ១២ខែធ្នូថា​ ក្រុម​ហ៊ុន​នេះ​​បានចាប់ដៃគូជាមួយក្រុមហ៊ុនអាម៉ាហ្សូនតាំង​​ពី​ឆ្នាំ​២០១៤​ដល់ឆ្នាំ​២០២២​ និង​បានវិនិយោគរាប់សិបលានដុល្លារនៅក្នុងរោងចក្រផលិតមួយ​ចំនួន​ ដើម្បីបង្កើតឃ្លាំងស្តុកដែក និងក្រណាត់​សម្រាប់រៀបចំសារពើភ័ណ្ឌនៅក្នុងឃ្លាំង​របស់​ក្រុម​ហ៊ុន​អាម៉ាហ្សូន​។​ នេះបើយោងតាមរបាយការណ៍របស់​ព័ត៌​មាន​ Bloomberg។

ក្រុម​ហ៊ុន ហ្គីលីម៉ិក ​បាននិយាយថា ភាពជាដៃគូត្រូវបានបង្កើតឡើងដោយ​មាន​«​ទំនុក​ចិត្ត​គ្នា»​ ដោយ​ក្រុម​ហ៊ុន​ ហ្គីលីម៉ិក ​បាន​ពឹងផ្អែកលើភាពត្រឹមត្រូវនៃការព្យាកររបស់​ក្រុម​ហ៊ុន​អាម៉ាហ្សូន​ដើម្បីធ្វើការវិនិយោគឱ្យបានគ្រប់គ្រាន់​តាម​តម្រូវការ​​រួមទាំងការទិញសម្ភារៈ​ និង​​ការរៀប​​ចំសមត្ថភាព និង​កម្លាំងពល​កម្ម​រោងចក្រ ​​ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុនអាមេរិក​មួយ​នេះ​។

ក៏​ប៉ុន្តែ​ចាប់តាំង​ពី​ដើម​ខែមេសាមក​ ក្រុមហ៊ុន​អាម៉ាហ្សូន​​បានផ្លាស់ប្តូរ និងកាត់បន្ថយភ្លាមៗ​នូវ​តម្រូវ​ការ​​​ដែលបានគ្រោងទុក​សម្រាប់ពេល​​នៅ​​សល់​ចុង​ក្រោយ​​នៃឆ្នាំ​២០២២ និងឆ្នាំ​​​២០២៣​ បានកាត់បន្ថយ​មកនៅការការបញ្ជាទិញតិចតូច​ ខុសពីអ្វីដែលជាការព្យាករកាល​ពី​ពេល​មុន​។ នេះបើយោងតាមពាក្យបណ្តឹង​។

មែនទែនទៅ ក្រុមហ៊ុន​ អាម៉ាហ្សូន​ ​រីករាយនឹងការកើនឡើងចំណូលមិនធ្លាប់មានពីមុនមក​ក្នុងអំឡុងពេលជំងឺកូវីដ១៩ ​ដោយ​សារតែ​មាន​ការ​ផ្ទុះ​ការបញ្ជាទិញតាមអ៊ីនធឺណិតយ៉ាង​ច្រើន​​ពី​អ្នកប្រើប្រាស់​ ហើយថ្នាក់​គ្រប់គ្រង​​ និង​កម្មករ​របស់​ក្រុម​ហ៊ុន​ ហ្គីលីម៉ិក​ ​បានប្រថុយវិនិយោគដ៏ច្រើនសម្បើមដើម្បីបំពេញតម្រូវការរបស់​ឱ្យ​បាន​ទាន់​ពេល​វេលា​។ ប៉ុន្ដែ ដោយសារតែស្ថានការសេដ្ឋកិច្ច​ពិភពលោក​ថមថយចុះ អាមេរិកក៏កំពុងប្រឈមនឹងបញ្ហាអតិផរណា ការប្រាក់កើនខ្ពស់ផងនោះ បានធ្វើឲ្យតម្រូវការប្រើប្រាស់​មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ក្រុមហ៊ុនវៀតណាមនេះ​បាននិយាយថា ពួកគេ​បានជួលបុគ្គលិក ៧ ពាន់​នាក់ឱ្យ​ធ្វើ​ការ​ងារ​​នៅ​តាម​រោងចក្រជាច្រើន​ដើម្បីខំ​ប្រឹង​ផលិតឃ្លាំង​ស្តុក​ទំនិញ​ឱ្យ​បាន​ជាង ១ លានកន្លែង​ក្នុងមួយឆ្នាំ ហើយ​បាន​​បន្ថែមថា ផលិតកម្មសម្រាប់ក្រុមហ៊ុន អាម៉ាហ្សូន ​​បានកើនឡើង ២០​ ដង​ក្នុងអំឡុង​ពេលមាន​ទំនាក់ទំនងគ្នា​បាន​ ៨ ឆ្នាំ​មក​នេះ​។

សូម​បញ្ជាក់​ថា ក្រុម​ហ៊ុន ហ្គីលីម៉ិក ​​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ​១៩៨២ ហើយ​ផលិតផលសំខាន់​ៗ​របស់​ក្រុម​ហ៊ុន​នេះ​រួមមាន​ កំណាត់​សំពត​​ សម្ភារៈ​គេហដ្ឋាន ​កន្ត្រកដាក់​ខោអាវ​​ ​កាបូប​ និងផលិតផលផ្សេងៗទៀត។

បើ​តាម​ក្រុមស្រាវ​ជ្រាវ​ Mirae Asset Vietnam Research បានឱ្យដឹងថា ប្រាក់ចំណូលប្រហែល ៨៥% ​ពី​ការ​នាំចេញរបស់​ក្រុម​ហ៊ុន​ ហ្គីលីម៉ិក គឺ​បានមកពីក្រុមហ៊ុន​អាម៉ាហ្សូន ​​ដែលបាន​បញ្ជាទិញផលិតផល​មានតម្លៃជាង​ ១៤៦ លានដុល្លារ​ពីក្រុមហ៊ុន ហ្គីលីម៉ិក​ ​កាលពីឆ្នាំមុន។​

ក្រុម​ហ៊ុន ហ្គីលីម៉ិក ​ទទួលបានចំណូលយ៉ាង​ច្រើន​បំផុត​ ​​១៧០ លានដុល្លារ​​កាលពីឆ្នាំមុន ​គឺ​បាន​កើនឡើងជិត ១៦% ​បើ​ធៀប​នឹង​ឆ្នាំ​២០២០​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិកអនុម័តពង្រីកថវិកាចំណាយ ៨០០ពាន់លានដុល្លារ សម្រាប់វិស័យយោធានៅឆ្នាំក្រោយ

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ធ្នូ បានអនុម័តចេញច្បាប់ ដែលអនុញ្ញាតឱ្យមានការចំណាយដ៏មហាសាលក្នុងទំហំទឹកប្រាក់ប្រមាណ ៨៥៨ ពាន…

ប្រទេសកាតាត្រូវបានសភាអឺរ៉ុបផ្អាកលែងឲ្យមានទំនាក់ទំនងជាមួយសភាអឺរ៉ុប ក្រោយមានរឿងអាស្រូវពុករលួយធ្ងន់ធ្ងរ

សមាជិកសភាអ៊ឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ធ្នូ បានបោះឆ្នោតដើម្បីផ្អាកតំណាងកាតាចូលទៅកាន់បរិវេណប្រជុំនៃសភាអឺរ៉ុប បន្ទាប់ពីប្រទេសឈូងសមុទ្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ