ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក បូ ថាញ់សាន់ (Bui Thanh Son) បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងឆ្នាំ២០២៤នេះ វៀតណាមមានពលករសរុប៦លាននាក់ បានចេញទៅបម្រើការងារនៅក្នុងប្រទេសរហូតដល់១៣០នៅទូទាំងពិភពលោក។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ពលករចំណាកស្រុកទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួនរបស់វៀតណាម ដូចជាសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ និងសុខភាពជាដើម តាមរយៈការផ្ញើប្រាក់មកកាន់ប្រទេសនេះរហូតដល់ទៅជាង១៦ពាន់លានដុល្លារ។
លោកបានអះអាងថា ផ្អែកតាមសក្តានុពេលនេះ វៀតណាមនឹងបន្តកែលម្អគោលនយោបាយ និងក្របខណ្ឌច្បាប់របស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងជនជាតិវៀតណាមនៅឯបរទេស និងពលរដ្ឋវៀតណាមនៅក្នុងប្រទេស។ លោកបានបន្ថែមថា វិធានការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងមួយនឹងត្រូវអនុវត្ត ដើម្បីគាំទ្រ និងអភិវឌ្ឍសហគមន៍វៀតណាមនៅបរទេស។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីសម្រួលនីតិវិធីរដ្ឋបាលសំដៅធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ជនជាតិវៀតណាមនៅឯបរទេសក្នុងការវិលត្រឡប់មកកាន់ប្រទេសវៀតណាម ដើម្បីរស់នៅ វិនិយោគ និងធ្វើអាជីវកម្ម។ ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនការតភ្ជាប់សហគមន៍ និងដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទេពកោសល្យពលរដ្ឋវៀតណាម នៅបរទេសផងដែរ។
ប្រមុខការទូតវៀតណាមរូបនេះជឿជាក់ថា សហគមន៍វៀតណាមនៅបរទេស នឹងបន្តពង្រីកសក្តានុពលរបស់ខ្លួនកាន់តែរឹងមាំ និងពង្រឹងទំនាក់ទំនងជាមួយមាតុភូមិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត៕
ដោយៈ សរ សុជាតិ