នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានអះអាងថា បំណុលខ្ពស់នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន អតិផរណាដែលនៅតែមិនស្រកចុះ និងការប្រកួតប្រជែងដណ្ដើមដើមទុនពីវិស័យបច្ចេកវិទ្យា AI កំពុងជំរុញឱ្យអត្រាប្រាក់ចំណេញពីបណ្ណបំណុលកើនឡើង។ ប្រធាន IMF រូបនេះ ក៏បានលើកឡើងផងដែរអំពីការរាំងស្ទះជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រ Hormuz ដែលកំពុងបន្ថែមសម្ពាធអតិផរណា និងអាចធ្វើឱ្យការប្រាក់ហក់ឡើង។
ការព្រមាននេះកើតឡើង ខណៈបណ្ណបំណុលរដ្ឋាភិបាលអាម៉េរិក ត្រូវបានលក់ចេញយ៉ាងច្រើនក្នុងពេលថ្មីៗនេះ ដែលធ្វើឱ្យអត្រាចំណេញពីបណ្ណបំណុលអាម៉េរិកបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត២០ឆ្នាំមកនេះ។ មេ IMF បានព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០២២។ នៅពេលនោះ IMF ព្យាករថា ប្រមាណ៦០% នៃប្រទេសមានចំណូលទាបកំពុងប្រឈមនឹងវិបត្តិបំណុល ឬមានហានិភ័យខ្ពស់។ ហើយកំណែទម្រង់សារពើពន្ធ និងការគាំទ្រពីស្ថាប័នអន្តរជាតិបានជួយកែលម្អស្ថានភាពនោះ ប៉ុន្តែពេលនេះ វឌ្ឍនភាពទាំងនោះកំពុងប្រឈមហានិភ័យ។
ប្រធាន IMF រូបនេះព្រមានទៀតថា អត្រាចំណេញខ្ពស់ពីបណ្ណបំណុលអាចធ្វើឱ្យអត្រាការប្រាក់កើនឡើង និងជះផលប៉ះពាល់ដល់ភាពជឿជាក់របស់បណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័ស។ ទោះជាយ៉ាងណាលោកស្រី គ្រីស្តាលីណា បានបញ្ជាក់ថា ទីផ្សារបំណុលពិភពលោកនៅតែមានស្ថិរភាព ហើយមេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G20 កំពុងគាំទ្រការកែលម្អក្របខណ្ឌទូទៅរបស់ G20 ដើម្បីពន្លឿនការរៀបចំឥណទានឡើងវិញសម្រាប់ប្រទេសដែលកំពុងប្រឈមវិបត្តិហិរញ្ញវត្ថុ៕
ដោយ: តែម សុខុម