វិស័យសេដ្ឋកិច្ច

ចំណែកប្រាក់ដុល្លារក្នុងទុនបម្រុងអន្តរជាតិ កំពុងធ្លាក់ចុះ តើពិភពលោកកំពុងបោះបង់ប្រាក់ដុល្លារឬ?


ប្រាក់ដុល្លារអាម៉េរិក អាចនឹងកំពុងបាត់បង់ចំណែកខ្លះក្នុងទុនបម្រុងអន្តរជាតិ របស់ពិភពលោក ប៉ុន្តែការសិក្សាថ្មីរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហាញថា វាមិនមានន័យថា ប្រទេសជាច្រើនកំពុងបោះបង់ចោលប្រាក់ដុល្លារនោះទេ។ ផ្ទុយទៅវិញការធ្លាក់ចុះភាគច្រើន ត្រូវបានជំរុញដោយសកម្មភាពរបស់ប្រទេសមួយចំនួនតូច រួមមាន ចិន និងរុស្ស៊ីជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី៧ ខែកញ្ញា។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់៥៦% នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះពី៦៤% បើធៀបទៅនឹងមួយទសវត្សរ៍មុន។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថា ជាសញ្ញានៃបដិដុល្លារនីយកម្ម ឬការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក បានអះអាងថា ស្ថានការណ៍មានភាពស្មុគស្មាញជាងនេះ។ ការសិក្សារបស់ពួកគេបានរកឃើញថា ចាប់តាំងពីឆ្នាំ២០១៥ មានប្រទេសមួយចំនួនបង្កើនការកាន់កាប់ប្រាក់ដុល្លារ ខណៈប្រទេសមួយចំនួនទៀតបានកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារ។
ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ចិន និងរុស្ស៊ី គឺជាប្រទេសសំខាន់ៗដែលបានរួមចំណែកធ្វើឱ្យការកាន់កាប់ប្រាក់ដុល្លារធ្លាក់ចុះ។ ហើយនៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ចិន រុស្ស៊ី ម៉ិកស៊ិក និងម៉ារ៉ុក បានរួមចំណែកយ៉ាងសំខាន់ដល់ការធ្លាក់ចុះនេះ។ បើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ ប្រទេសជាច្រើនបានកែសម្រួលទុនបម្រុងរបស់ខ្លួនដោយផ្អែកលើតម្រូវការជាក់ស្ដែងរបស់ប្រទេសនីមួយៗ ដូចជាការគ្រប់គ្រងអត្រាប្តូរប្រាក់ ការរក្សាលទ្ធភាពប្រើប្រាស់ប្រាក់ដុល្លារ និងការការពារខ្លួនពីវិបត្តិហិរញ្ញវត្ថុជាដើម។ ពួកគេបានសន្និដ្ឋានថា មិនទាន់មានភ័ស្តុតាងច្រើន ដែលបង្ហាញថា ប្រទេសនានាកំពុងងាកចេញពីប្រាក់ដុល្លារជាទ្រង់ទ្រាយធំ និងជាសកលនោះទេ។

ទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបង្ហាញដែរថា ចំណែកប្រាក់ដុល្លារអាម៉េរិកនៅក្នុងទុនបម្រុងអន្តរជាតិរបស់ពិភពលោកកបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៥។ ទោះជាយ៉ាងណា ការធ្លាក់ចុះនេះមួយផ្នែកធំក៏បណ្តាលមកពីការប្រែប្រួលតម្លៃប្រាក់ដុល្លារ គឺមិនមែនដោយសារប្រទេសនានាលក់ប្រាក់ដុល្លារ ដែលខ្លួនកាន់កាប់ទាំងស្រុងនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ផលិតបានពូជស្រូវកូនកាត់ថ្មី ដែលអាចផ្ដល់ទិន្នផលជិត៨តោនក្នុង១ហិកតា

ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្កើតសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដោយបង្កាត់បានពូជស្រូវកូនកាត់ជំនាន់ថ្មី ដែលអាចផ្តល់ទិន្នផលជិត៨តោនក្នុង១ហ…

ក្រុមហ៊ុន បូទីកា ប្រកាសផ្តល់រង្វាន់សរុបជាង ៥០លានរៀល ដល់ជាងសំណង់ទូទាំងប្រទេស តាមរយៈកម្មវិធី «បូទីកា៖ ថតផ្ទះ ឈ្នះរង្វាន់»

ក្រុមហ៊ុនបូទីកា (Botica) ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេនៅកម្ពុជា បានប្រកាសជាផ្លូវការនូវកម្មវិធីប្រូម៉ូសិនដ៏ធំបំផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ