បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនដល់៣៦ពាន់លានដុល្លារនៅឆ្នាំនេះ មានការកើនឡើង១៦% បើធៀបនឹងឆ្នាំ ២០២៣ ខណៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅបន្តជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។
ប្រភពដដែលបានបន្តថា ស្ថានភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់វៀតណាម បានរួមចំណែកប្រមាណជា២២ពាន់លានដុល្លារក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ របាយការណ៍មួយចេញផ្សាយដោយស្ថាប័ន Google, Temasek, និង Bain & Company បានបង្ហាញថា ស្ថានភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានការកើនឡើង១៨% ពោលគឺវាស្មើនឹង៦១%នៃទំហំសេដ្ឋកិច្ចអ៊ីនធឺណិតសរុបរបស់ប្រទេសសង្គមនិយមមួយនេះ ដែលមានតម្លៃសរុបប្រមាណជា៣៦ពាន់លានដុល្លារ។
របាយការណ៍នេះបាននិយាយថា អត្រាកំណើនដ៏ខ្ពស់របស់វៀតណាម ត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថិរភាព ដែលជំរុញដោយការផលិត ការកែច្នៃ និងការនាំចេញរបស់ខ្លួន។ នៅឆ្នាំ២០៣០ តម្លៃទំនិញឌីជីថលសរុបរបស់ប្រទេសនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានទំហំចន្លោះពី៩០ពាន់លានដុល្លារដល់ ២០០ពាន់លានដុល្លារ ដែលបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងទីផ្សារអេឡិចត្រូនិក។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា ជាមួយនឹងកំណើនដ៏រឹងមាំបែបនេះ ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍន៍កាន់តែខ្លាំង ដែលនឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ច៕
ដោយៈ សរ សុជាតិ