កម្ពុជាគឺស្ថិតក្នុងលំដាប់លេខពីរ នៅអាស៊ានបន្ទាប់ពីសង្ហបុរីក្នុង ដែលមានការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានច្រើនគេ ដោយគិតត្រឹមថ្ងៃទី ២០ ខែកក្កដា កម្ពុជាមានប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១ មានចំនួនប្រមាណ ជាង៦លាននាក់ហើយ ស្មើនឹងប្រមាណ ៦០% នៃផែនការ។ ចំណែកឯ ប្រជាពលរដ្ធដែលបានចាក់ដូសលើកទី២ចំនួនប្រមាណជាង ៤លាននាក់។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ខេមបូណូមីសថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គឺមានអត្រាខ្ពស់គួរឲ្យកត់សំគាល់។ ក្រោយពីមានការចាក់វ៉ាក់សាំងបានកាន់តែច្រើន រដ្ឋាភិបាលបានចាប់ផ្តើម បើកដំណាក់អាជីវកម្មចាប់ពីថ្នាក់ទាប មធ្យម និងថ្នាក់ខ្ពស់ ប៉ុន្តែអាជីវកម្មមួយចំនួនដែលមានហានិភ័យឆ្លងមេរោគកូវីដ១៩ខ្ពស់ ក៏នៅតែបន្ដហាមឃាត់នៅឡើយ។ ជាទិដ្ឋភាពរួម អ្នកជំនាញ សេដ្ឋកិច្ចរូបនេះ អះអាងថាស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាការធ្វើអាជីវកម្មនៅតែមិនទាន់បានរលូននៅឡើយទេ ដែលស្ថានភាពនេះ អាចបន្ដអូសបន្លាយដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះដែរ លោក ហូ វណ្ឌី ជាអ្នកជំនួញផ្នែកទេសចរណ៍ និងជាទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានយល់ឃើញថា ការសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩បានជាង ៦០ ភាគរយសម្រាប់ពលរដ្ឋកម្ពុជានេះពេលនេះ វាជាឱកាសមាស សម្រាប់វិស័យឯកជន និង សាធារណៈ ពីព្រោះ ពេលដែលប្រជាពលរដ្ឋទទូលបានវ៉ាក់សាំងកាន់ច្រើន ភាពភ័យខ្លាចបានរលត់បាត់ទៅបន្ដិចម្ដងៗ ហើយវានឹងជំរុញវិស័យនានា ជាពិសេសវិស័យសណ្ឋាគារ និង បដិសណ្ឋាកិច្ចកាន់តែមានក្តីសង្ឃឹមច្រើន។
ដោយឡែក ជំទាវឧកញ៉ា កែវ មុំ អគ្គនាយកឧស្សាហកម្មនំស្រួយលី លី និង ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ហាក់នៅតែមានការព្រួយបារម្ភខ្លាំងចំពោះ ការរាតត្បាតមេរាគកូវីដ-១៩ បើទោះបីជាការចាក់វ៉ាក់សាំងកំពុងសម្រេចបានច្រើនក៏ដោយ។ ការបារម្ភនេះ គឺដោយសារតែ នៅមួយរយៈចុងក្រោយនេះ កម្ពុជានៅតែបន្ដមានការកើនឡើងករណីឆ្លងប្រចាំថ្ងៃខ្ពស់ គួបផ្សំនឹងមេរោគបំប្លែងថ្មី ក៏ជាហានិភ័យខ្ពស់ ដែលទាមទារឲ្យកម្ពុជាបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងដែរ។
អ្នកជំនួញផ្នែកឧស្សាហកម្មផលិតរូបនេះបានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ ម្ចាស់អាជីវកម្មនានា ត្រូវពង្រឹងខ្លួនឯងឲ្យកាន់តែរឹងមាំ និងស្វែករកដំណោះស្រាយប្រកបដោយមានភាពច្នៃប្រឌិត និងបន់បែន ដើម្បីបន្ដប្រតិបត្តិការអាជីវកម្ម មិនគួររង់ចាំទាល់តែកូវីដ-១៩ចប់នោះទេ ព្រោះគេនៅមិនទាន់ដឹងប្រាកដថា មេរោគរាតត្បាតនេះ នឹងបញ្ចប់ពេលណានោះឡើយ។
សូមបញ្ជាក់ថា តាមការព្យាករពីស្ថានប័នជំនាញដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភពលោក រួមទាំងរាជរដ្ឋាភិបាលផងដែរ ធ្លាប់បានព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ថានឹងមានកំណើនក្នុងរង្វង់៤%។ ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ប្រសិនបើបញ្ហាកូវីដ-១៩ឆ្លងរីករាលដាលនេះ នៅបន្ដអូសបន្លាយយូរទៀត សេដ្ឋកិច្ចកម្ពុជាអាចនឹងមានទាបជាងអ្វីដែលបានព្យាករទុក៕