តាមប្រភពព័ត៌មានក្នុងស្រុកវៀតណាម Vietnam News ដែលបានដកស្រង់ សម្ដីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រយោជន៍ច្រើនជាងគេ ពីកិច្ចព្រមព្រៀង CPTPP ដែលមានប្រទេសសមាជិកចំនួន ១១ ប្រទេស។ ពោលគឺ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានព្យាករថា នឹងមានកំណើននាំចេញចន្លោះពី ជាង ៨% ទៅជិត ១១% ដោយសារតែមានការប្រកួតប្រជែងតម្លៃ។
តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងមានឱកាសកាន់តែងាយស្រួល ក្នុងការនាំចេញផលិតផលទៅក្នុងទីផ្សារ ជាមួយនឹងអត្រាពន្ធដែលមានតម្លៃទាប ក៏ដូចជា មានឱកាសចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសដែលជាទីផ្សារថ្មីៗ ដូចជា កាណាដា ម៉ិស៊ិចកូ និងប៉េរ៉ូ ជាដើម។
កិច្ចព្រមព្រៀង CPTPP ក៏ត្រូវបានគេរំពឹងដែរថា នឹងជួយឲ្យការនាំចេញរបស់វៀតណាម នឹងកើនឡើងប្រហែល ៤% ខណៈដែលការនាំចូលវិញអាចនឹងពង្រីកកំណើនជិតដល់ ៣,៨%ដែរ។
លើពីនេះទៅទៀត លំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេស ក្នុងប្រទេសវៀតណាម នឹងជំរុញការអភិវឌ្ឍ ឧស្សាហកម្ម គាំទ្រនៅក្នុងប្រទេសនេះ ដែលជាការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនផងដែរ។
កិច្ចព្រមព្រៀង CPTPP មានសមាជិកចំនួន ១១ ប្រទេស និងបានចូលជាធរមានជាផ្លូវការ នៅថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០១៨ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ វានឹងកាត់បន្ថយពន្ធលើផលិតផលកសិកម្ម និងឧស្សាហកម្ម កាត់បន្ថយបទប្បញ្ញត្តិនានាសម្រាប់ការវិនិយោគ និងបង្កើនការការពារកម្មសិទ្ធិបញ្ញាផងដែរ។
កិច្ចព្រមព្រៀងនេះទៀតសោត ត្រូវបានគេដឹងដែរថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយធំមួយ ដែលបានរួមបញ្ជូលនូវការអនុគ្រោះលើអត្រាពន្ធនាំចូលរហូតដល់ ៩៨% សម្រាប់ប្រទេសជាសមាជិក ចំនួន១១ ដែលមានទំហំ GDP សរុប ជាង១៣ ទ្រីលានដុល្លារអាមេរិក និងអ្នកប្រើប្រាស់ជិត៥០០លាននាក់។
ប្រទេសដែលជាសមាជិកទាំង១១នោះ មានដូចជា អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចសិកកូ ញ៉ូស័រឡែន ប៉េរូ សាំងហ្គាពួរ និងវៀតណាម។
គួរបញ្ជាក់ថា ដើមឡើយកិច្ចព្រមព្រៀងនេះ ក៏មាន អាមេរិកចូលរួមដែរ តែក្រោយពីលោកត្រាំឡើងកាន់តំណែងជាប្រធាធិបតី អាមេរិកក៏សម្រេចដកខ្លួនចេញវិញ។ តែយ៉ាងណា ទោះបីជា គ្មានវត្តមានរបស់អាមេរិកក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែអាចសម្រេចបានជាស្ថាពរ៕