ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ក.ស.វ. ក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលើការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់ជូនទីស្តីការគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនោះឱ្យមានសង្គតិភាព និងឆ្លើយតបនឹងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នាពេលកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ. បន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃបរិកាណ៍នៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេសលើកកម្ពស់កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ឡើងវិញជូនអង្គប្រជុំនូវមុខងារ និងភារកិច្ចចម្បងរបស់ ក.ស.វ. រួមមានការងាររៀបចំរបាយការណ៍តាមដាន សិក្សាវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការផ្តល់មតិយោបល់ជូនគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលលើទិដ្ឋភាពបច្ចេកទេសនៃគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត និងការស្រាវជ្រាវសម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា(Applied Research)។ល។
ក្នុងបរិការណ៍នៃការរីកចម្រើនរបស់កម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់លើ អាទិភាពជាចម្បងលើការបន្តពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស និងក្នុងការបំពេញ មុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ឱ្យសម្រេចបានសមិទ្ធផលល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការបានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងផែនការសម្រាប់ការអនុវត្តចំពោះមុខ និងរយៈពេលមធ្យមសម្រាប់ ក.ស.វ. ដូចតទៅ៖
ទី១. ការរៀបចំផែនការយុទ្ធសាស្ត្រ និងព្រមទាំងផែនការអភិវឌ្ឍន៍ស្ថាប័ន ក.ស.វ. ដើម្បីពង្រឹងតួនាទីជា«សេនាធិការគោលនយោបាយមួយ» របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារប្រកបដោយបប្រសិទ្ធភាព, គុណភាព និងទាន់ពេល។
ទី២. ការពង្រឹងការធ្វើការស្រាវជ្រាវសម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការ នានា(Applied Research) ដោយត្រូវផ្តោតលើទិសដៅ និងការងារអាទិភាពដែលមានចែងក្នុង«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល ក.ស.វ. មានឧត្តមភាពប្រៀបធៀបខ្ពស់ (Comparative Advantage) ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗទៀត ដើម្បីបង្កើតជាសហគមន៍ស្រាវជ្រាវ (Research Community) ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធភាពស្រាវជ្រាវនានា សំដៅលើកកម្ពស់គុណភាព និងបង្កើតសហថាមភាព(synergy)ការងារ។
ទី៣. ការលើកកម្ពស់ការបន្តតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់កម្រិតបច្ចេកទេសលើគោលនយោបាយ ច្បាប់ និងឯកសារបទដ្ឋានគតិយុត្តិដោយត្រូវមានកិច្ចសហការជិតស្និទរវាងក្រសួង ស្ថាប័ន ជាពិសេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានបច្ចេកទេសក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងថាមភាពក្នុងការបំពេញការងារ។
ទី៤. ការបន្តអនុវត្តយន្តការវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិ (Fegulatory Impact Assessrrent -RIA) ដើម្បីធ្វើឱ្យការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ តាមក្រសួង-ស្ថាប័នមានសង្គតិភាព និងស្របតាមនីតិវិធី និងបទដ្ឋានជាធរមាន និងត្រៀមរៀបចំគម្រោងនេះឡើងវិញជាមួយ ADB។ ទី៥. ការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តបេសកកម្ម និងគោលដៅ និងពង្រឹងធនធានមនុស្សរបស់ ក.ស.វ.៕