ឥណទាន ២០លានដុល្លារអាមេរិកនេះ ជាផ្នែកនៃកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាមេរិក ដែលធនាគារពិភពលោកដាក់ចេញ តាមរយៈយន្តការបញ្ចេញរហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីឌ-១៩ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ស្តារឡើងវិញ។
យោងតាមធនាគារពិភពលោក គម្រោងឥណទាននេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង ២៥ខេត្ត-ក្រុង។
លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។
ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែម, ពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិងឆ្លើយតបជំងឺកូវីឌ-១៩ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត។
គិតត្រឹមថ្ងៃទី៣ មេសា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុប ១១៤នាក់ ក្នុងនោះមានស្រី៣២នាក់ និងប្រុស៨២នាក់ និងមានអ្នកជាសះស្បើយសរុបចំនួន ៣៥នាក់ ស្មើប្រមាណជា ៣០,៧% ធៀបទៅនឹងអ្នកឆ្លងកូវីដ១៩ សរុប៕