លោក លី សូដែត សេដ្ឋវិទូជាតិនៅធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា«កត្តាជំរុញសេដ្ឋកិច្ចសំខាន់ៗ គឺជាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ទីផ្សារសហរដ្ឋអាមេរិកពិតជាមានកំណើនលឿនជាងទីផ្សារសហភាពអឺរ៉ុប ដូច្នេះ នេះជាមូលហេតុចម្បងដែលជំរុញឱ្យមានកំណើនខ្ពស់ជាងការរំពឹងទុក នៃកំណើនផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំមុន។»
ប៉ុន្តែទន្ទឹមគ្នានេះ ធនាគារពិភពលោកក៏បាននិយាយដែរថា ហានិភ័យក៏មានខ្លាំងដែរ ដោយសារតែមានភាពមិនប្រាកដប្រជាច្រើនជុំវិញលទ្ធភាពសម្រាប់កម្ពុជា នាំទំនិញចូលទីផ្សារសហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA និងលទ្ធភាពដែលកំណើនសេដ្ឋកិច្ចចិន ថយល្បឿនខ្លាំង។
ធនាគារពិភពលោក បាននិយាយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះមកនៅ ៧ភាគរយ នៅឆ្នាំ២០១៩ និង ៦,៩ភាគរយ នៅឆ្នាំ ២០២០ និង៦,៨ភាគរយ នៅឆ្នាំ ២០២១។
ការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង ទៅអាមេរិកបានកើនដល់ ១៧,៦ភាគរយ ក្នុងឆ្នាំ ២០១៨ លើសឆ្នាំ ២០១៧ដែលមានត្រឹម ៨,៣ភាគរយ ប៉ុណ្ណោះ។ ការនាំចូលវិញក៏មានការស្ទុះឡើងខ្លាំង ដែរដោយការនាំចូលយានយន្ត និងដែកកើនជិត ៥០ភាគរយ និង ៤៨ភាគរយ នៅក្នុងឆ្នាំ២០១៨។
កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុបបានចាប់ផ្តើមនិតិវិធីដែលអាចនាំទៅដល់ការព្យួរបណ្តោះអាសន្ននូវភាពអនុគ្រោះសម្រាប់កម្ពុជាលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
ធនាគារពិភពលោកបាននិយាយថា បើកម្ពុជាបាត់បង់ EBA វានិងអាចធ្វើឲ្យប៉ះពាល់ដល់កំណើនការនាំចេញ។
ធនាគារពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា«បច្ចុប្បន្ននេះទីផ្សារក្នុងសហភាពអឺរ៉ុប មានចំណែកជាងមួយភាគបីនៃមុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា (ក្នុងនោះមានសំលៀកបំពាក់ ស្បែកជើង និងទោចក្រយាន)។ អាស្រ័យហេតុនេះ ការបាត់បង់ភាពអនុគ្រោះ EBA ដែលអនុញ្ញាតឱ្យកម្ពុជានាំទំនិញចូលអឺរ៉ុបដោយមិនជាប់ពន្ធ និងកូតា ទំនងជាអាចនឹងធ្វើឱ្យកំណើននៃការនាំចេញ ថយល្បឿនមកវិញ។»
សេចក្តីប្រកាសបន្តថា«ជាងនេះទៅទៀត ដោយសារកម្ពុជាពឹងពាក់ខ្លាំងលើការហូរចូលមូលធនមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុករបស់សេដ្ឋកិច្ចចិនក្នុងកាលៈទេសៈណាមួយ នឹងអាចជះផលមិនល្អ មកលើទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរ។»