ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាលពីមួយឆ្នាំមុន យោធាភូមាបានបដិសេធឆន្ទៈរបស់ប្រជាជនភូមា ដោយបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងបានដណ្តើមអំណាចដោយរដ្ឋប្រហារយោធា។ ចាប់តាំងពីពេលនោះមក របបយោធា បានប្រព្រឹត្តអំពើឃោរឃៅរាប់មិនអស់ ហើយបានប្រព្រឹត្តអំពើហឹង្សា ទៅលើជនស៊ីវិល រួមទាំងកុមារផងដែរ ក្នុងនោះមានមនុស្សជាង ១៥០០នាក់ត្រូវបានសម្លាប់។ សម្រាប់សហរដ្ឋអាមេរិក រដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានបង្កក្តីឈឺចាប់យ៉ាងធំធេងដល់ពលរដ្ឋនៅទូទាំងប្រទេស និងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ផងដែរ។»
នៅក្នុងថ្ងៃគម្រប់មួយឆ្នាំនៃការធ្វើរដ្ឋប្រហារនេះដែរ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានបន្ថែមទណ្ឌកម្មលើបុគ្គលចំនួនប្រាំពីររូប និងអង្គភាពចំនួនពីរទៀត ដែលមានទំនាក់ទំនងជិតស្និទនឹងក្រុមយោធា។ ទណ្ឌកម្មនេះរួមមាន ការរារាំងការចូលទៅប្រើប្រាស់ទ្រព្យសម្បត្តិ ទាំងអស់របស់បុគ្គល និងអង្គភាពទាំងនោះ ដែលមាននៅក្រៅប្រទេស ព្រមទាំងហាមឃាត់រាល់ប្រតិបត្តិការផ្ទេរប្រាក់ទាំងអស់ជាមួយនឹងជនជាតិអាមេរិក ឬអ្នកដែលនៅក្នុងសហរដ្ឋអាមេរិក។
ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានឲ្យដឹងដែរថា ចក្រភពអង់គ្លេស និងកាណាដា បានដាក់ទណ្ឌលើមន្ត្រីពីររូបនៃរដ្ឋាភិបាលយោធាផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ មេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi និងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារពីយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើរបបនេះ ហើយបានផ្តើមធ្វើការជាមួយអាស៊ាន ក្នុងការដាក់សម្ពាធការទូតលើមេដឹកនាំយោធា។ យ៉ាងណាមិញ មកទល់នឹងពេលនេះ វិបត្តិនៅមីយ៉ាន់ម៉ាហាក់មិនទាន់រកច្រកចេញឲ្យបានសមរម្យនៅឡើយ ក្រោយមេដឹកនាំយោធា បដិសេធមិនគោរពតាមដំណោះស្រាយ៥ចំណុចដែលអាស៊ានបានផ្តល់ឲ្យ។ បន្ថែមពីនេះ បញ្ហាចាក់ស្រេះនៃវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានេះ ក៏កំពុងធ្វើឲ្យអាស៊ានឈឺក្បាលខ្លាំងណាស់ ខណៈដែលនៅឆ្នាំ២០២២នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយក្នុងនាមជាប្រធានអាស៊ាន កម្ពុជាក៏បានបង្ហាញពីឆន្ទៈក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានេះដែរ ខណៈដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏បានជួបជាមួយពិភាក្សាជាមួយនឹងលោកមីង អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាចំនួន២លើករួចមកហើយដែរ៕