លោកខាងលិចចោទរុស្សីថានៅតែបង្កើនទ័ព

ប្រទេសលោកខាងលិចចោទរុស្សីថា នៅតែបង្កើនទ័ព ដោយមិនបានកាត់បន្ថយដូចការនិយាយនោះទេ


ក្រុមប្រទេសលោកខាងលិច បានព្រមាននៅថ្ងៃពុធទី១៦កុម្ភៈថា រុស្សីនៅតែបង្កើនវត្តមានកងទ័ពរបស់ខ្លួននៅតាមបន្ទាត់ព្រំដែនជាមួយនឹងអ៊ុយក្រែន ក្រោយពេលដែលមានសេចក្តីរាយការណ៍មួយពីប្រទេសអេស្តូនីថា កងទ័ពរុស្សីកំពុងធ្វើការចល័តយ៉ាងសកម្ម ដែលទំនងជាចង់វាយប្រហារកាន់កាប់ទីតាំងសំខាន់ៗ។ ការអះអាងទាំងពីរនេះ គឺផ្ទុយស្រឡះពីអ្វីដែលទីក្រុងម៉ូស្គូ បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ពោលគឺក្រសួងការពារជាតិរុស្សីបានប្រកាសពីការដកកងទ័ពមួយចំនួនចេញពីតំបន់ព្រំដែនអ៊ុយក្រែន ត្រឡប់ទៅបន្ទាយវិញ។
កងទ័ពរុស្សី

ដោយឡែក ប្រមុខ​ចារកម្ម​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា មាន​រថពាសដែក ឧទ្ធម្ភាគចក្រ និង​មន្ទីរពេទ្យ​ចល័ត​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​ព្រំដែន​។ បន្ថែម​ពីលើ​នេះ មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក​ក៏​បាន​ចេញ​មក​អះអាង​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា យ៉ាង​ហោច​ណាស់​ទាហាន ៧​ពាន់​នាក់​ទៀត ត្រូវ​បាន​រុ​ស្ស៊ី​បញ្ជូន​មក​តំបន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ យ៉ាងណាមិញ ការ​អះអាង​របស់​អា​មេ​រិ​ក មិន​មាន​ភស្តុ​តាង​មក​សំអាង​នោះ​ទេ​។

ប្រមុខ​ការទូត​អា​មេ​រិ​ក អាន់​តូ​នី ប្លី​ង​ខេន នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​បាន​និយាយ​ថា អ្វី​ដែល​រុ​ស្សី​និយាយ មិន​ដូច​អ្វី​ដែល​គេ​ធ្វើ​ទេ​។ គេ​មិនឃើញ​មានការ​ដក​កងទ័ព​ពី​តំបន់​តាម​បណ្តោយ​ព្រំដែន ដូច​ទៅ​នឹង​អ្វី​ដែល​ទីក្រុង​ម៉ូ​ស្កូ​បាន​អះអាង​នោះ​ឡើយ មាន​តែ​ការ​បន្ថែម​កម្លាំង​។

ដោយឡែក ភ្នាក់ងារ​ស៊ើបការណ៍​បរទេស​របស់​ប្រទេស​អេ​ស្តូ​នី បាន​និយាយ​ថា ពួក​គេ​កំណត់​បាន​ពី​សកម្មភាព​ទាហាន​ត្រៀមប្រយុទ្ធ​របស់​រុ​ស្សី​ប្រមាណ​១០​កងពល ស្មើនឹង​ជាង​១​ម៉ឺន​៧​ពាន់​នាក់ ចល័ត​ឆ្ពោះទៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ភ្នាក់ងារ​ដដែល​បាន​ព្រមាន​ថា ការ​វាយប្រហារ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​ទម្លាក់​គ្រាប់​មី​ស៊ី​ល និង​ការ​កាន់កាប់​ទីតាំង​សំខាន់​ៗ​ផង​ដែរ​។

គួរ​ជម្រាប​ថា ភាព​តានតឹង​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​មិន​បាន​ធូរស្រាល​ទាល់តែ​សោះ ខណៈ​ការ​ចរចា​នៅ​លើ​តុ​ការទូត និង​ការ​អនុវត្ត​ជាក់ស្តែង​ហាក់​ផ្ទុយ​គ្នា​ស្រឡះ​។ ការ​គំរាមកំហែង​នៅ​តែ​បន្ត​មាននៅ​តាម​បន្ទាត់​ព្រំដែន ដែល​ជា​ការ​ឆ្លើយ​តប ក្រុម​ប្រទេស​លោក​ខាងលិច និង​អង្គការ​ណា​តូ បាន​និង​កំពុង​បង្កើន​វត្តមាន​ទ័ព​នៃ​សម្ព័ន្ធមិត្ត​ណា​តូ នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាងកើត​ទាំងមូល​តែ​ម្តង​។

ប្រទេស​លោក​ខាងលិច​ធ្លាប់​បាន​ទទូច​ឲ្យ​ប្រទេស​ចិន ជួយ​ជ្រោមជ្រែង​ការ​បន្ថយកម្ដៅ​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ដែរ ពោល​គឺ​ស្នើ​ឲ្យ​ចិន​ព្យាយាម​និយាយ​ជាមួយ​រុ​ស្សី ប៉ុន្តែ​ត្រូវ​ប៉េ​កាំ​ង​បដិសេធ ដោយ​អះអាង​ថា គេ​គ្មាន​សិទ្ធិ​អ្វី​លូកដៃ​ក្នុង​កិច្ចការ​របស់​ម៉ូ​ស្គូ​ឡើយ​។ ការ​បន្ត​សម្ងំ​ស្ងៀម​របស់​ចិន ត្រូវ​បាន​អា​មេ​រិ​ក​ចាត់​ទុក​ថា ជា​ការ​រង​ចាំ​មើល​គំរូ និង​ការ​ឆ្លើយ​តប​របស់​វ៉ា​ន​ស៊ី​ន​តោន​ដើម្បី​ងាយស្រួល​ឲ្យ​ប៉េ​កាំ​ង​យក​ទៅ​អនុវត្ត​ជាមួយ​កោះ​តៃវ៉ាន់​។

យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិ​ន​ប៊ី​ន​បាន​ចេញ​មក​ប្រតិកម្ម ដោយ​ចោទ​អា​មេ​រិ​កថា កំពុង​ប្រលែង​លេង​នឹង​ភ្លើងសង្គ្រាម និង​បង្កើត​ភាព​តានតឹង ជុំវិញ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ ចិន​រិះគន់​អា​មេ​រិ​ក​និង​បណ្តា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ថា បាន​បំភាន់ និង​យក​ព័ត៌មាន​មិន​ពិត​មក​និយាយ​ជា​បន្តបន្ទាប់ ដែល​វា​នឹង​បង្កើត​ភាព​ចលាចល ដល់​ពិភពលោក​ដែល​ធ្វើ​ឲ្យ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​៕

 

None



អត្ថបទបន្ទាប់


ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងពេល៨ឆ្នាំចុងក្រោយ

ប្រទេសជប៉ុនបានមានឱនភាពពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងមួយខែដំបូងនៅឆ្នាំ២០២២នេះ ជាជាកម្រិតឱនភាពខ្ពស់មិនធ្លាប់មានឡើយគិតក្នុងរយៈពេល ៨ ឆ្នាំចុង…

តុលាការចិនបានបង្កកទ្រព្យសកម្មក្រុមហ៊ុន Evergrande ជិត១៦០លានដុល្លារ ក្រោយខកខានសងបំណុល

យ៉ាងណាចណាស់ ទ្រព្យសកម្មភាពក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សរបស់ចិន Evergrande មានតម្លៃសរុបប្រមាណជិត១៦០លានដុល្លារ ត្រូវបានតុលាការចិន បញ្ជាឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ