លោក Xi ថែមទាំងបាន រិះគន់ចំៗទៀតថា ប្រទេសលោកខាងលិចមួយចំនួន "លើកកម្ពស់ទាំងបង្ខំនូវគោលគំនិត និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន ដោយទាញយកផលប្រយោជន៍ពីបញ្ហាសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេងទៀត"។ នេះបើតាមការរាយការណ៍របស់កាសែតចិន The South China Morning Post នៅថ្ងៃសុក្រនេះ។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនៗទៀត នៅប៉ុន្មានខែចុងក្រោយនេះបានវាយប្រហារអាមេរិក និងលោកខាងលិចចំៗតែម្ដង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមដែលបង្កឡើងដោយក្រុមតាលីបង់ដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន សង្គ្រាមស៊ីវិលនៅស៊ីរី និងបញ្ហាសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ជាដើម។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ មិថុនាកន្លងទៅនេះ លោក ស៊ី ជីនពីង បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់សមាជិក ២៤ នាក់ផ្សេងទៀតនៃការិយាល័យនយោបាយរបស់លោកថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនមែនសម្រាប់ជាការតុបតែងនោះទេ។ ប្រទេសបស្ចិមលោកមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានប្រឈមមុខនឹងភាពរើសអើងនយោបាយយ៉ាងខ្លាំង ការរំលោភបំពានលើទំនុកចិត្តរបស់រដ្ឋាភិបាល ភាពមិនប្រក្រតីនៃសង្គម និងការផ្ទុះឡើងនៃមេរោគដែលគ្មានការគ្រប់គ្រង។
លោក ស៊ី បានកត់សម្គាល់ ដោយនិយាយផ្ដោតទៅកាន់ប្រទេសលោកខាងលិចថា "កំពុងមានភាពលំអៀងផ្នែកនយោបាយ មានគម្លាតកាន់តែខ្លាំងឡើងរវាងអ្នកមាន និងអ្នកក្រ និងការប្រឆាំងជនជាតិភាគតិច គឺមានសភាកាន់តែខ្លាំងឡើងដែរ។ ជាមួយគ្នានេះ ការប្រកាន់ជាតិសាសន៍ លទ្ធិប្រជានិយម និងការរើសអើងពូជសាសន៍បានកើតមានជាបន្តបន្ទាប់ ហើយបញ្ហាសិទ្ធិមនុស្សកាន់តែលេចធ្លោឡើងផងដែរ។
លោក ស៊ី ជីនពីង ក៏បានអំពាវនាវដល់មន្ត្រីឱ្យ«ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ» និងបង្កើនឥទ្ធិពលរបស់ប្រទេសចិនលើស្ថាប័នសិទ្ធិមនុស្សពហុភាគីបែបនេះ។
ទីក្រុងប៉េកាំងបានបន្តការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងបញ្ហាសិទ្ធិមនុស្ស ដោយបានសហការគ្នាជាមួយប្រទេសចំនួន ៦៩ នៅឯកិច្ចប្រជុំសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយចិនតែងតែចាត់ទុកថា ការដាក់បន្ទុកលើផ្នែកសិទ្ធិមនុស្សមកលើខ្លួន ពិសេសពីសំណាក់លោកខាងលិច គឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតែប៉ុណ្ណោះ។
ប្រទេសកោះគុយបាតំណាងឱ្យប្រទេសទាំង ៦៩ ទៀត បានប្រាប់ក្រុមប្រឹក្សានេះថា ខេត្តស៊ីនជាំង ទីក្រុងហុងកុង និងតំបន់ទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងប្រទេសហូឡង់ សហរដ្ឋអាមេរិក និងរដ្ឋសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅសហប្រជាជាតិចំនួន ៤៥ ផ្សេងទៀតភាគច្រើនជាប្រទេសលោកខាងលិចដែលបានលើកឡើងពី "ការព្រួយបារម្ភយ៉ាងខ្លាំង" ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្តស៊ីនជាំង ដែលជាតំបន់ដែលធ្លាប់មានការសង្ស័យថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិអ៊ុយហ្គ័រ និងអ្នកកាន់សាសនាម៉ូស្លីមដែលរស់នៅទីនោះ។ កន្លងមក អាមេរិក ក៏បានចោទប្រកាន់ចិនថា បានប្រព្រឹត្តិអំពើប្រល័យពូជសាស្ត្រនៅទីនោះផងដែរ ប៉ុន្ដែ ក៏ត្រូវបានចិនបដិសេធយ៉ាងដាច់អហង្ការផងដែរ៕