អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចអះអាងថា មិនមែនមានតែកម្ពុជានោះទេដែលជួបបញ្ហានេះ ប្រទេសជាច្រើនលើពិភពលោក ក៏ជួបបញ្ហាការធ្លាក់ចុះវិស័យសំណង់ និងអចលនទ្រព្យនេះដែរ។ អ្នកជំនាញវាយតម្លៃថា កម្ពុជាអាចចំណាយពេលយ៉ាងហោចណាស់ពី ពីរទៅបីឆ្នាំទៀតក្នុងការស្តារវិស័យនេះឲ្យវិលមករកភាពល្អប្រសើរឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថ្មីៗនេះថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២២ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានី-ខេត្តបានអនុម័តគម្រោងវិនិយោគទូទាំងប្រទេសក្នុងវិស័យសំណង់បានចំនួនជាង ៣ពាន់៨រយគម្រោង ដែលមានទុនវិនិយោគជាង២ពាន់៦រយលានដុល្លារអាមេរិក ធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន ទុនវិនិយោគជាង៥ពាន់២រយលានដុល្លារអាមេរិក និងគម្រោងសរុបសរុបជិត៤ពាន់គម្រោង។
ក្នុងចំណោមគម្រោងដែលបានអនុម័តខាងលើមានចំនួនជាង២០០គម្រោង ដែលមានទុនវិនិយោគជិត២ពាន់១រយលានដុល្លារត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី ដោយមានការធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកគម្រោងជាង៣ពាន់៦រយគម្រោងទៀត ត្រូវបានអនុម័តដោយរដ្ឋបាលរាជធានី-ខេត្ត ដែលមានទុនវិនិយោគជិត៥៥០លានដុល្លារអាមេរិក ធ្លាក់ចុះជាង៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាឯកឧត្តមឧបនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់លម្អិតពីហេតុផលនៃការធ្លាក់ចុះទុនវិនិយោគក្នុងវិស័យសំណង់នោះទេ។
ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការធ្លាក់ចុះគម្រោងវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមិនមែនកើតមានតែនៅកម្ពុជានោះទេសូម្បីប្រទេសធំៗនៅលើពិភពលោកក៏ជួបបញ្ហានេះដែរ។ អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលទាញទម្លាក់ការវិនិយោគក្នុងវិស័យនេះ គឺដោយសារការអូសបន្លាយនៃវិបត្តិជំងឹកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឲ្យកើតមានវិបត្តិអតិផរណា ដែលបង្កពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពល។
បើទោះបីរដ្ឋាភិបាលចិនគ្រោងបើកព្រំដែនឲ្យមានការចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅខែមករា ឆ្នាំ២០២៣ក៏ដោយ ប៉ុន្ដែ លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទំនងជាអាចទាញបានផលប្រយោជន៍តិចតួចប៉ុណ្ណោះពីវិធានការបន្ធូរបន្ថយនេះ។ អ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជាអាចត្រូវការពេលយ៉ាងហោចណាសពីពីរទៅបីឆ្នាំ ក្នុងការស្តារវិស័យសំណង់ និងអចលនទ្រព្យឲ្យវិលមករកភាពល្អប្រសើរវិញ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងរយៈពេលជិត២២ឆ្នាំកន្លងមនេះកម្ពុជាបានអនុម័តលើគម្រោងវិនិយោគបានជាង៦ម៉ឺន១ពាន់គម្រោង ជាមួយទុនវិនិយោគជិត ៦៩ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅទូទាំងប្រទេសមានជាង២ពាន់៥រយអគារ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បន្ថែមលើនេះកម្ពុជា មានគម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានលក្ខណៈជាបុរីមានចំនួន៥១០គម្រោង, អគារស្នាក់នៅ៤៣៤គម្រោង, សំណង់សណ្ឋាគារជាង១ពាន់គម្រោង, សំណង់អគារពាណិជ្ជកម្មជាង ៣ពាន់គម្រោង, សំណង់អគាររោងចក្រជាង១ម៉ឺនគម្រោង និងសំណង់អគារពហុមុខងារមាន ៣៣០គម្រោង៕