យោងតាមក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ CME Group បានឱ្យដឹងថា សូចនាករម៉ាក្រូសេដ្ឋកិច្ចទិន្នដ៏រឹងមាំជាបន្តបន្ទាប់ និងការអត្ថាធិប្បាយពីសំណាក់មន្ត្រីធនាគារកណ្ដាលអាម៉េរិកមួយចំនួន បានកាត់បន្ថយការរំពឹងទុកដែលថា ធនាគារកណ្ដាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់ជាថ្មីទៀតនៅមុនដំណាច់ឆ្នាំ២០២៤ នេះ។
ការរំពឹងទុកថាធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់ជាថ្មី០,៥០%នៅក្នុងកិច្ចប្រជុំ២លើកចុងក្រោយនៅមុនដំណាច់ឆ្នាំ២០២៤ នេះ បានធ្លាក់ចុះពី៧០%កាលពីថ្ងៃពុធ ទី២៣ ខែតុលា និងពីប្រមាណ៨៦%កាលពី១សប្ដាហ៍មុនមកនៅត្រឹម៦៦%នៅពេលនេះ។
ក្រុមឈ្មួញនៅពេលនេះមើលឃើញថា មានឱកាស៣២% ដែលធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់០,២៥%នៅត្រឹមដំណាច់ឆ្នាំ២០២៤ហើយមានតែ២%ប៉ុណ្ណោះដែលយល់ថា អត្រាការប្រាក់នឹងគ្មានការប្រែប្រួល។ ចំណែកឯផលបត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាម៉េរិក ក៏បានហក់ឡើងថ្លៃ៤,២៦%ផងដែរកាលពីយប់ថ្ងៃពុធ ទី២៣ ខែតុលា ដែលជាការហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែមកនេះ។
ទន្ទឹមនេះ ការស្ទង់មតិរបស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃពុធ ទី២៣ ខែតុលា បានបង្ហាញថា អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅពេលនេះកំពុងតែនាំមុខគូប្រជែងដ៏ស្វិតស្វាញរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតី។
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រ៤៧%
ខណៈដែលលោកស្រី កាម៉ាឡា ហារីស ទទួលបានត្រឹមតែ៤៥% ពោលគឺតិចជាងលោក
ដូណាល់ ត្រាំ ២%។ សូមបញ្ជាក់ថា ការស្ទង់មតិនេះត្រូវបានធ្វើឡើងទៅលើអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន១.៥០០នាក់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២២ ខែដដែល៕
ដោយ: តែម សុខុម