ប្រធានសមាគមពាណិជ្ជករមាសថៃ លោក ជីតទី តាងស៊ីតផាកឌី (Jitti Tangsithpakdi) បាននិយាយថា ការកើនឡើងតម្លៃមាស នៅក្នុងប្រទេសថៃ គឺមួយផ្នែកដោយសារតែមនុស្សកំពុងបន្តទិញមាសទុក ដើម្បីលក់យកចំណេញ ដោយពួកគេរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងថែមទៀត។ ជាក់ស្ដែងកាលពីពេលកន្លងទៅ មានពលរដ្ឋថៃជាច្រើនបានលក់មាសនៅពេលតម្លៃមាសឡើងថ្លៃ ដើម្បីបានចំណេញ។ បន្ថែមលើនេះមានធនាគារកណ្តាលនៅប្រទេសអាស៊ីមួយចំនួនរួមទាំងចិន និងថៃផងដែរ បានបង្កើនការទិញមាសទុកសម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិ ដែលជាកត្តាមួយទៀតក្នុងការជំរុញឱ្យតម្លៃមាសហក់ឡើងកាន់តែខ្ពស់ផងដែរ។
តម្លៃមាសនៅប្រទេសថៃ បានឡើងថ្លៃជាង៤ដុល្លារក្នុងមួយទម្ងន់បាត ដោយក្នុងមួយទម្ងន់បាតស្មើនឹង០,៥អោន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានជំរុញឱ្យតម្លៃមាសឡើងដល់ជិត២ពាន់៥០ដុល្លារក្នុង១អោន ប៉ុន្តែវាបានធ្លាក់ចុះបន្តិចវិញនៅពេលរសៀលថ្ងៃដដែលនោះ។ តម្លៃមាសសកលបានធ្លាក់ចុះបន្តិចកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែវាបានស្ទុះងើបឡើងវិញមកដល់២,១៧០ដុល្លារក្នុងមួយអោននៅរសៀលថ្ងៃដដែលនោះ ដោយសារប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំ និងទិន្នផលរតនាគារកើនខ្ពស់ ខណៈដែលអ្នកជួញដូរកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចអាម៉េរិកបន្ថែមទៀត ដែលអាចផ្ដល់ក្ដីសង្ឃឹមថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅពាក់កណ្តាលឆ្នាំនេះ។
លោក ជីតទី បាននិយាយថា តម្លៃមាសពិភពលោកអាចមានលទ្ធភាពឡើងដល់២,២៥០ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ហើយការកើនឡើងតម្លៃនេះទំនងជានឹងកើតឡើងបន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ លោកបានបន្ថែមថា សមាគមរបស់លោកបានរក្សាការព្យាករពីតម្លៃមាសក្នុងស្រុកក្នុងចំនួនជាង២ពាន់១រយដុល្លារក្នុងមួយអោនសម្រាប់ត្រីមាសទី៣ ដោយសារតែមានកត្តាផ្សេងទៀត ដែលកំពុងរួមចំណែកដល់កំណើននេះរួមទាំងអត្រាប្តូរប្រាក់ផងដែរ។
ក្រុមហ៊ុន JPMorgan Chase & Co បានប៉ាន់ប្រមាណថា តម្លៃមាសអាចឡើងដល់២,៥០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ បន្ទាប់ពីមាសដុំបានឡើងថ្លៃខ្ពស់គ្រប់ពេល គឺ២,១៩៥ដុល្លារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចំណែកប្រធានក្រុមយុទ្ធសាស្រ្តទំនិញសកល គឺលោក ណាតាសា កាណេវ៉ា (Natasha Kaneva) បាននិយាយនៅក្នុងបទសម្ភាសជាមួយនឹងទូរទស្សន៍ Bloomberg ថា ពួកគេជឿថា តម្លៃមាសអាចនឹងឡើងដល់២,៥០០ដុល្លារក្នុងមួយអោន៕
អត្ថបទ៖ សុខ ជា