បញ្ហាប្រឈមខ្វះកម្លាំងពលកម្មច្រើនក្នុងវិស័យឧស្សហកម្

កត្តាអ្វីខ្លះ ធ្វើឲ្យខេត្តកំពង់ស្ពឺជួបបញ្ហាប្រឈមខ្វះកម្លាំងពលកម្មច្រើនក្នុងវិស័យឧស្សហកម្ម?


ចំពេលដែលរោងចក្រកាត់ដេរជាច្រើនកំពុងមានការកាត់បន្ថយការងារកម្មករកម្មការិនី ខេត្តកំពង់ស្ពឺឯណោះវិញ បែរជាមានការខ្វះកម្លាំងពលកម្មរាប់ពាន់នាក់ទៅវិញ។ អ្នកជំនាញអះអាងថា កត្តានាំឲ្យមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារតែរោងចក្រនៅក្នុងខេត្តនេះមានចំនួនច្រើន។ មួយវិញទៀត កម្មករកម្មការិនីមួយចំនួន ហាក់មិនសូវចង់ទៅធ្វើការងារនៅទីនោះឡើយ បើធៀបនឹងរាជធានីភ្នំពេញ ដោយសារតែទីតាំងរោងចក្រខ្លះ ស្ថិតនៅឆ្ងាយពីទីប្រជុំជន។
ខេត្តកំពង់ស្ពឺមានសក្ដានុពលវិនិយោគ ប៉ុន្តែខេត្តបែរជាខ្វះកម្លាំងពលកម្មទៅវិញ

លោក អាត់ ធន់ ប្រធានសហជីពកម្មករ គូសបញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើកម្មករនិយោជិតមិនសូវចាប់អារម្មណ៍ទៅធ្វើការដូចនៅរាជធានីភ្នំពេញ ដូចជា ទីតាំងរោងចក្រនៅឆ្ងាយពីទីប្រជុំជន ប្រព័ន្ធទឹក និងភ្លើងមិនទាន់មានគ្រប់គ្រាន់ ជាដើម។ ដោយឡែក ជុំវិញបញ្ហាផ្អាករោងចក្រកាត់ដេរ និងព្យួរការងារកម្មករ-កម្មការិនីនៅកម្ពុជា លោក អាត់ ធន់ បានកត់សម្គាល់ឃើញថា នៅតែបន្តអូសបន្លាយ និងមិនទាន់មានភាពធូរស្បើយ នៅឡើយទេ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថាវិស័យកាត់ដេរនៅកម្ពុជា អាចនឹងប្រសើរឡើងវិញនៅក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធូរស្បើយ។

ជាមួយគ្នានេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ បានគូសបញ្ជាក់ថា ជាការពិតខេត្តកំពង់ស្ពឺ បានរួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្ម ក៏ដូចជាការនាំចេញ ផលិតផលកាត់ដេរ សម្លៀកបំពាក់ កាបូប និងស្បែកជើង នៅកម្ពុជា។ បើតាមលោក កាំង ម៉ូនីកា គ្រាន់តែជាសមាជិករបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នៅខេត្តកំពង់ស្ពឺ មានរោងចក្ររហូត ១១៣រោងចក្រ រួចទៅហើយ ដោយមិនទាន់គិតពីវិស័យផ្សេងៗផង។ ជុំវិញបញ្ហាខ្វះខាតកម្លាំងពលកម្មនៅក្នុងខេត្តនេះដែរ ត្រូវបានអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ អះអាងថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរនោះទេ ហើយវាក៏មិនធ្វើឲ្យរាំងស្ទះដល់ដំណើរការនាំចេញផលិតកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារគោលដៅ​នោះដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ នៅតែមានតម្រូវការខ្ពស់លើកម្លាំងពលកម្ម ទាំងក្នុងវិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងសេវាកម្មនានា។ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកង្វះកម្លាំងពលកម្មសរុបប្រមាណជាង ២ម៉ឺននាក់ ទាំងក្នុងវិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងសេវាកម្មនានា។ ដោយឡែក សម្រាប់រោងចក្រកាត់ដេរ សម្លៀសបំពាក់កាបូប និងស្បែកជើង វាយនភ័ណ្ឌ វិញរដ្ឋបាលខេត្ត មានតម្រូវការកម្លាំងពលកម្មចំពោះមុខប្រមាណ ៩ពាន់នាក់ ខណៈខេត្តបច្ចុប្បន្ន មានរោងចក្រកាត់ដេរ សម្លៀសបំពាក់កាបូប និងស្បែកជើង វាយនភ័ណ្ឌ សរុបជិត ២០០រោងចក្រ ដែលមានកម្មករនិយោជិតសរុបជិត ១៦ម៉ឺននាក់។

សូមបញ្ជាក់ថា បច្ចុប្បន្នមានរោងចក្រ​កាត់ដេរ​មួយចំនួន​ប្រឈមនឹងការធ្លាក់ចុះការបញ្ជាទិញ ហើយបានបង្ខំចិត្ត​កាត់បន្ថយការងារកម្មករកម្មការិនីផងដែរ។ ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យកាត់ដេរ ធ្លាប់បានវាយតម្លៃថា ការបញ្ជាទិញផលិតវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​ពីកម្ពុជា អាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងរយៈពេល ៦ខែ ខាងមុខ ក្រោយរំពឹងថា ក្រុមហ៊ុនបញ្ជាទិញអាចបញ្ចេញទំនិញក្នុងស្តុកអស់ គួបផ្សំ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន មិនវិវត្តកាន់តែអាក្រក់ ហើយស្ថានភាពអតិផរណានៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានភាពល្អប្រសើរ។ ប៉ុន្តែ ក្នុងករណីសង្គ្រាមនៅអ៊ុយក្រែនបន្តដាក់បន្ទុកលើកម្រិតអតិផរណារបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ការធ្លាក់ចុះការបញ្ហាទិញនឹងបន្តអូសបន្លាយបន្ថែមទៀត៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដាពង្រីកការទូទាត់ឆ្លងដែនតាម QR ដល់ប្រទេសវៀតណាមហើយ ក្រោយអនុវត្តបានជោគជ័យនៅថៃ

ព័ត៌មាន
ធនាគារអេស៊ីលីដា ថ្មីៗនេះបានចាប់ផ្ដើមពង្រីកប្រតិបត្តិការទូទាត់ឌីជីថលឆ្លងដែន តាមរយៈការស្កែនកូដ QR ជាមួយនឹងប្រទេសវៀតណាមហើយ បន្ទាប់ពីអនុវ…

ម្ចាស់អាជីវកម្មអាចប្រឈមផ្លូវច្បាប់ ប្រសិនបើគ្មានបិទស្លាកតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មតម្រូវអាជីវករ សេវាករ និងពាណិជ្ជករនៅកម្ពុជាទាំងអស់ បិទស្លាកថ្លៃលើទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ដែលបានដាក់តាំងលក់ក្នុងហាង ឬអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ