អ្នកជំនាញផ្នែកឧស្សាហកម្មវៀតណាម បានអះអាងថា ឧស្សាហកម្មអង្កររបស់ប្រទេសនៅក្បែរខាងកម្ពុជាមួយនេះ សម្រាប់ឆ្នាំក្នុង២០២៣ នឹងទទួលបានកត្តាអំណោយផលដូចជាអាកាសធាតុ និងអត្ថប្រយោជន៍ភូមិសាស្ត្រ ស្របពេលដែលគ្រោះរាំងស្ងួតបានអូសបន្លាយក្នុងប្រទេសចិនបានបណ្តាលឱ្យមានការថយចុះនៃទិន្នផលអង្កររបស់ប្រទេសមហាអំណាចមួយនេះ នៅក្នុងអំឡុងរដូវប្រមូលផលនៃឆ្នាំ២០២១- ២០២២ ដែលនាំឱ្យមានការរំពឹងទុកនូវការនាំចូលអង្ករចំនួនប្រមាណរហូតដល់ទៅ៦ លានតោនសម្រាប់ឆ្នាំ ២០២២- ២០២៣ ។
ទន្ទឹមនឹងនេះ សន្និធិស្បៀងនៅក្នុងប្រទេសហ្វីលីពីនក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះផងដែរ ដោយសារតែព្យុះទីហ្វុង និងតម្លៃជីខ្ពស់ ដែលនាំឱ្យមានការនាំចូលអង្ករកើនឡើង ស្របពេល ដែលហ្វីលីពីនក៏ជាប្រទេសដែលទិញអង្ករពីវៀតណាមច្រើនផងដែរ។
មួយវិញទៀត តំបន់បង្កបង្កើនផលស្រូវនៅក្នុងប្រទេសឥណ្ឌា ដែលគេដឹងថា ជាមហាអំណាច អង្ករលំដាប់ទី១ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែគ្រោះរាំងស្ងួតដែលធ្វើឱ្យការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌាធ្លាក់ចុះ ជាកត្តាចម្បងសម្រាប់ការព្យាករនៃឱនភាពអង្ករនៅលើទីផ្សារពិភពលោក។ ដោយឡែកស្ថានភាពនៃសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនដែលសុទ្ធសឹងតែ ជា ប្រទេស នាំចេញស្បៀងដ៏សំខាន់របស់ពិភពលោកក៏នឹងរុញច្រានឲ្យទីផ្សារអង្ករវៀតណាម កាន់តែ មានជំនឿទុកចិត្តខ្ពស់។
ផ្អែកនៅលើស្ថានភាពនេះ គេរំពឹងថា វៀតណាមនឹងអាចនាំចេញអង្កររហូតដល់ទៅជាង ៤លានតោន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈនៅពេញមួយឆ្នាំនេះ រំពឹងនាំចេញបាន៦លាន៦សែនតោន។ តម្លៃអង្កររបស់វៀតណាម បច្ចុប្បន្នក៏មានខ្ពស់ជាងប្រទេសនាំចេញអង្ករផ្សេងៗទៀតដែរ ពោលគឺ ខ្ពស់ជាងថៃ និងឥណ្ឌាទៅទៀត។ ជាក់ស្ដែង នៅ២ខែដំបូងឆ្នាំនេះ តម្លៃអង្ករជាមធ្យមនៃប្រភេទអង្ករបាក់៥% របស់វៀតណម មានដល់ជិត៥២០ដុល្លារក្នុងមួយតោន។ បើគិតតាំងពីខែសីហាឆ្នាំមុនមក គឺមានខ្ពស់ជាងអង្ករថៃពី១៥ ទៅ២៧ដុល្លារក្នុងមួយតោន និងខ្ពស់ជាងអង្ករឥណ្ឌា ៤០ទៅ៥០ដុល្លារក្នុងមួយតោន៕