ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម

តើវៀតណាមមានលក្ខណៈពិសេសអ្វីខ្លះ ក្នុងភាពជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់កម្ពុជា?


ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេសក្បែរខាងគ្នា និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួតជាមួយគ្នា ក្នុងនោះ វៀតណាម គឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា រាប់តាំងពីស្រូវ ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្រេច និងផលិតផលដទៃទៀត។ តើវៀតណាមមានចំណុចពិសេស អ្វីខ្លះសម្រាប់កម្ពុជានៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ហើយកម្ពុជាត្រូវបន្ដអភិវឌ្ឍខ្លួនបែបណាទៀត ដើម្បីទាញប្រយោជន៍ពីទំនាក់ពាណិជ្ជកម្មទ្វេភាគីនេះ?
រូប​តំណាង ៖ តើវៀតណាមមានលក្ខណៈពិសេសអ្វីខ្លះ ក្នុងភាពជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់កម្ពុជា?
ដោយ

នៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ បើ​តាម​តួលេខ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ​ជាំ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេច​បាន​ដល់​ជិត​២​ពាន់​៨​រយ​លាន​ដុល្លារ កើនឡើង​២០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា នៅ​ពេញ​មួយ​ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម នឹង​បន្ដ​កើន​ដល់​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

ជុំវិញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំ​ទាក់​ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ក៏​ដូច​ជា​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​សេរី​ផ្សេង​ទៀត ការ​ដោះ​ដូរ​ទំនិញ​គឺ​អាស្រ័យ​លើ​តម្រូវការ​រវាង​អ្នក​ផ្គត់ផ្គង់ និង​តម្រូវការ​អ្នកបញ្ជា​ទិញ​។ ជាក់ស្តែង កម្ពុជា​មាន​តម្រូវការ​ខ្ពស់​ជាង​វៀតណាម ដែល​ធ្វើ​ឲ្យ​បរិមាណ​ការ​នាំ​ចូល​ពី​វៀតណាម​មក​កម្ពុជា មាន​ច្រើន​ជាង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​វៀតណាម​។ មួយវិញទៀត ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​មានការ​ផលិត​ធំ​ជាង​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ ដូចនេះ​ហើយ​ប្រព័ន្ធ​លំហូរ​ទំនិញ​របស់​វៀតណាម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​កម្ពុជា បើ​ទោះបីជា​ពេល​បច្ចុប្បន្ន​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ច្រើន​ក៏​ពិតមែន តែ​កម្លាំងផលិតកម្ម ក៏​ដូច​ជា​ប្រភេទ​មុខទំនិញ​កម្ពុជា ធៀប​នឹង​ប្រទេស​វៀតណាម​នៅ​តែ​មាន​កម្រិត​ទាប​នៅឡើយ​។

អ្នកជំនាញ​សេដ្ឋកិច្ច ប​ណ្ដិ​ត ហុង វណ្ណៈ បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​គួរ​សិក្សា​បន្ថែម​ទៀត​ថា តើ​ភាគី​វៀតណាម​នាំ​ចូល​ទំនិញ​អ្វី​ខ្លះមក​កម្ពុជា ហើយ​កម្ពុជា​គួរ​ផលិត​ទំនិញ​អ្វី​ដើម្បី​ជំនួស​ទំនិញ​ដែល​នាំ​ចូល​ពី​ក្រៅប្រទេស​បាន​។ ទន្ទឹម​នេះ ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​មាន​កិច្ចសន្យា​អន្តរជាតិ​ក្នុង​ការ​នាំ​ចេញ​ច្រើន​ជាមួយ​ប្រទេស​ដទៃ ដូចនេះ​វៀតណាម​ក៏​អាច​ដើរតួរ​ជា​ឈ្មួញកណ្តាល ហើយ​ក៏​អាច​មាន​តម្រូវការ​ទំនិញ​ជា​វត្ថុធាតុដើម​ពី​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ផង​ដែរ ពិសេស​កសិផល​តែ​ម្ដង​។

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​តែ​បន្ត​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា តាម​រយៈ​ការ​អនុវត្ត​យន្តការ​ទ្វេភាគី ក្រប​ខណ្ឌ​តំបន់ ក៏​ដូច​ជា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​ពិសេស​ក៏​បាន​នឹង​កំពុង​សហការ​គ្នា លើ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​ស្រប​តាម​សភាពការណ៍​ជាក់ស្ដែង​របស់​ពិភពលោក​ផង​ដែរ​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេង​ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ឆ្ងាយ​ពី​កម្ពុជា ដូច​ជា ចិន ជប៉ុន កូរ៉េ អា​មេ​រិ​ក កា​ណា​ដា និង​អឺរ៉ុប​ជាដើម​នោះ ឃើញ​ថា ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ភាព​ងាយស្រួល​ជាង ពិសេស​មធ្យោបាយ​ដឹក​ជញ្ជូន​តែ​ម្តង​។ បើ​តាម ឯកឧត្តម ស៊ា​ង ថៃ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​ភាគច្រើន ជា​ផលិតផល​កសិកម្ម ហើយ​ក្រៅពី​នេះ ក៏​មាន​ផលិតផល​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​មួយ​ចំនួន​ទៀត ដូច​ជា សម្លៀក​បំពាក់ អំបោះ ក្រណាត់ វ៉ា​លី ក្ដារបន្ទះ ថ្នាំលាប ជ័រ​បិទ​កញ្ចក់ ឧស្ម័ន សារធាតុ​គីមី អាហារ​កែ​ច្នៃ និង​ស្ករអំពៅ​ជាដើម​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម សម្រេច​បាន​រហូត​ជាង ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ​គ្នា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម នឹង​អាច​សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២​។ យ៉ាងណាមិញ នៅ​៥​ខែ​ដំបូង ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​វៀតណាម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​៨​រយ​លាន​ដុល្លារ មានការ​កើនឡើង​២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ដោយ​ក្នុង​នោះ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​វៀតណាម ក្នុង​ទំហំ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៣,៤% ចំណែក​ការ​នាំ​ចូល​ទំនិញ ពី​វៀតណាម​មក​កម្ពុជា​វិញ សម្រេច​បាន​ជាង ១​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៣៤%៕

None



អត្ថបទបន្ទាប់


តើអ្វីខ្លះជាកត្តាប្រឈមរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគជប៉ុន?

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលកំពុងក្លាយជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់…

រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យគម្រោងវិនិយោគទុនក្រោម៥លានដុល្លារ ត្រូវស្ថិតក្រោមការសម្រេចដោយរដ្ឋបាលរាជធានី-ខេត្តវិញ ខណៈដែលគម្រោងមានទុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ