លោក អ៊ឹម ផល គ្រូបង្វឹកដែលទទួលស្គាល់ដោយស្ថាប័ន ActionCOACH បានកត់សម្គាល់ឃើញថា ការបង្កើតអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SME)។ ដ្បិតថា វិស័យសហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា មានការរីកដុះដាលយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ វិស័យនេះក៏នៅតែជួបប្រឈមនឹងបញ្ហាមួយចំនួននៅឡើយ សម្រាប់ម្ចាស់អាជីវកម្ម។ ជាអ្នកជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម និងជាអ្នកបង្ហាត់បង្រៀនម្ចាស់អាជីវកម្មដែលមានបទពិសោធន៍ប្រមាណ ១០ឆ្នាំមកហើយនោះ លោក អ៊ឹម ផល បានគូសបញ្ជាក់ថា ដើម្បីជួយឲ្យអាជីវកម្មកាន់តែប្រសើរឡើង ម្ចាស់អាជីវកម្មត្រូវស្វែងយល់នូវកត្តាគន្លឹះសំខាន់ៗ មួយចំនួន ដូចជា ការធ្វើផែនការអាជីវកម្ម សេវាកម្ម ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ។
លោក អ៊ឹម ផល បានបន្តថា ក្រៅពីចំណុចគន្លឹះសំខាន់ៗ ខាងលើ អ្វីដែលម្ចាស់អាជីវកម្មត្រូវយល់ដឹង គឺការកំណត់ពីគោលដៅអតិថិជនឲ្យបានត្រឹមត្រូវ។ ជាការពិតណាស់ ការធ្វើអាជីវកម្មមួយ បើសិនម្ចាស់អាជីវកម្មនោះ មិនបានកំណត់នូវគោលដៅអតិថិជន និងមិនដឹងថា អាជីវកម្មរបស់ខ្លួនត្រូវការអតិថិជនប្រភេទណា នោះទេ វានឹងធ្វើឲ្យម្ចាស់អាជីវកម្មពិបាកក្នុងការស្រូបទាញអតិថិជន។ នេះជាការបញ្ជាក់របស់លោក អ៊ឹម ផល ដោយលោកបន្ថែមថា បន្ទាប់ពីដឹងពីក្រុមគោលដៅអតិថិជនដែលចង់បានហើយនោះ ម្ចាស់អាជីវកម្មក៏ត្រូវដឹងច្បាស់ពីចំនួនអតិថិជនដែលខ្លួនចង់បានដូចគ្នា។
លោក អ៊ឹម ផល ក៏បានសង្កត់ធ្ងន់ទៀតថា វិស័យសហគ្រាសធុនតូចនិងមធ្យម បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូច្នេះ ដើម្បីឲ្យអាជីវកម្មអាចឈរបានយ៉ាងរឹងមាំ ម្ចាស់អាជីវកម្មចាំបាច់បំផុតត្រូវមាន សមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ ដែល ActionCOACH បានបង្កើតនូវកម្មវិធីសិក្សាសម្រាប់ម្ចាស់អាជីវកម្ម ដែលដឹកនាំបង្រៀនដោយលោក អ៊ឹម ផល ដែលជាគ្រូបង្វឹកដែលទទួលស្គាល់ដោយស្ថាប័ន ActionCOACH និងគ្រូបង្វឹជាជនជាតិបរទេស។ លោក អ៊ឹម ផល បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាព និងល្អប្រសើរ។ លោកបញ្ជាក់ទៀតថា បន្ទាប់ពីកម្មវិធីបង្វឹកដល់ម្ចាស់អាជីវកម្មនៅដំណាក់កាលដំបួងទទួលបានជោយជ័យ ActionCOACH នឹងរៀបចំកម្មវិធីនេះ ជាបន្តបន្ទាប់ទៀត ដើម្បីពង្រីកសក្ដានុពលរបស់ម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕