ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពទំហំជួយដូរភាគហ៊ុនកម្ពុជា នៅ៩ខែឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាបន្តបន្ទាប់បើធៀបនឹងឆ្នាំមុន ពោលគឺបានធ្លាក់ចុះពីទំហំជួញដូរជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ មកនៅចន្លោះពី២០ម៉ឺនទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺបណ្តាលមកពីការជះឥទ្ធិពលពីវិបត្តិសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម ដ្បិតបញ្ហាទាំងនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងវិស័យភាគហ៊ុន។
ទោះបីជាទំហំជួញដូរភាគហ៊ុនកម្ពុជាបច្ចុប្បន្នមានទំនោរថយចុះក្ដី តែមេផ្សារមូលបត្រកម្ពុជាជឿជាក់ថា នៅពេលខាងមុខការជួញដូរភាគហ៊ុនកម្ពុជា នឹងវិលមករកស្ថានភាពល្អប្រសើរឡើងវិញ។ ការរំពឹងបែបនេះ ក៏ដោយសារបច្ចុប្បន្នភាគីពាក់ព័ន្ធទាំងអស់កំពុងជំរុញការផ្សព្វផ្សាយទៅដល់សាធារណជនអំពី សក្កានុពលនាពេលអនាគតរបស់ក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាការបង្កើតយន្តការថ្មីៗបន្ថែមឱ្យកាន់តែងាយស្រួលដល់សាធារណជន និងអ្នកវិនិយោគ។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ផ្សារមូល បត្រកម្ពុជាបានចុះកិច្ចព្រមព្រៀងអំពីការតភ្ជាប់ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមអនឡាញ ជាមួយប្រព័ន្ធផ្ដល់លេខអត្តសញ្ញាណវិនិយោគតាមអនឡាញរបស់និយ័តករមូលបត្រកម្ពុជា។ បើតាមថ្នាក់ដឹកនាំរូបនេះ ប្រព័ន្ធតភ្ជាប់ការជួញដូរតាមប្រព័ន្ធអនឡាញនេះ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅក្នុងកម្មវិធីពិព័រណ៍ភាគហ៊ុន «My first Stock ឆ្នាំ២០២៣» នាពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ។
ឯកឧត្តម ហុង សុហួរ រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៣បន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដោយក្នុងនោះមួយជាក្រុមហ៊ុនចុះបញ្ជីបោះផ្សាយភាគហ៊ុន និងពីរក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២០ ក្នុងនោះក្រុមហ៊ុនចំនួន១១បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕