ធនាគារកណ្តាលរុស្ស៊ី ត្រូវបានគេដឹងថា មានទុនបម្រុងជារូបិយប័ណ្ណបរទេស និងជាមាសមានតម្លៃសរុបរហូតដល់៦១២ពាន់លានដុល្លារឯណោះ ក្នុងនោះប្រហែលជា៣០០ពាន់លានដុល្លារ គឺនៅតាម បណ្តាប្រទេសលោកខាងលិច ដែលកំពុងតែត្រូវបានបង្កក។
សារព័ត៌មានបស្ចិមប្រទេសបានរាយការណ៍ថា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកម្លាំងយោធាចូលលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ភ្លាម សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក៏បានប្រកាសដាក់ចេញនូវវិធានការជាបន្ទាន់មួយតាមរយៈការបង្កកទុនបម្រុងទាំងនេះ ហើយផ្អាកប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីភ្លាមៗ។
នៅពេលនេះគេនៅមិនទាន់ដឹងទេថា តើជោគវាសនានៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលលោកខាងលិចបង្កកនេះនឹងទៅជាយ៉ាងណានៅឡើយទេ ខណៈដែលសហរដ្ឋអាម៉េរិក បានស្នើសុំឱ្យសហភាពអឺរ៉ុបសម្រេចរឹបអូស ហើយបង្វែវាទៅជាកម្មវិធីជំនួយជួយដល់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែរុស្ស៊ីឈ្លានពាន ប៉ុន្តែបានជួបឧបសគ្គដោយសារតែមានការជំទាស់។
ជុំវិញចំណាត់ការនេះ លោក ពូទីន បានចោទប្រកាន់លោកខាងលិចថា បានបង្កសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ហើយបានហៅការបង្កកនោះថា ជាការប្លន់ទុនបម្រុងរបស់ខ្លួន។ ពាក់ព័ន្ធនឹងផែនការនេះ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី គឺលោកស្រី អែលវីរ៉ា ណាប៊ីយូលីណា ( Elvira Nabiullina) ត្រូវបានរិះគន់ដោយអ្នកជាតិនិយមរុស្ស៊ីផងដែរ។ ប៉ុន្តែគេដឹងថា រុស្ស៊ីហាក់មានការត្រៀមទុកខ្លះទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងលើទុនបម្រុងទាំងនេះ។
ធនាគារកណ្តាលរុស្ស៊ី មិនបានផ្តល់ការវិភាគលម្អិតអំពីទ្រព្យសម្បត្តិដែលត្រូវបានបង្កកនោះទេ ប៉ុន្តែគេដឹងថា ស្ថាប័ននេះបានកាន់កាប់ទ្រព្យសម្បត្តិសរុបគិតជាអឺរ៉ូ មានតម្លៃ២០៧ពាន់លានដុល្លារ,ជាលុយដុល្លារតម្លៃ៦៧ពាន់លានដុល្លារ និងជាលុយផោនអង់គ្លេស មានតម្លៃដល់ទៅ ៣៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ រុស្ស៊ីក៏កំពុងតែគ្រប់គ្រងទ្រព្យជាប្រាក់យ៉េនជប៉ុន មានតម្លៃ៣៦ពាន់លានដុល្លារ, ដុល្លារកាណាដាតម្លៃ១៩ពាន់លានដុល្លារ, ដុល្លារអូស្ត្រាលីចំនួន៦ពាន់លានដុល្លារ, ដុល្លារសិង្ហបុរីជិត២ពាន់លានដុល្លារ និងហ្រ្វង់ស្វីសចំនួនជាង១ពាន់លានដុល្លារ។
ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយថា ទ្រព្យសកម្មទាំងនេះត្រូវបានវិនិយោគជាចម្បងនៅក្នុងមូលបត្របរទេស និងប្រាក់បញ្ញើរបស់ធនាគារជាដើម ហើយទ្រព្យទាំងនេះភាគច្រើនគឺមាននៅចិន អាល្លឺម៉ង់ បារាំង អង់គ្លេស អូទ្រីស និងកាណាដា៕
ដោយៈ សរ សុជាតិ