នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។ កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ (NPC) និងសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ត្រូវបានគេស្គាល់ថាជា «សម័យប្រជុំពីរអង្គ» របស់ចិន ។ កិច្ចប្រជុំសភាប្រជាជនជាតិរបស់ចិននេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៥ខែមីនា ដោយមានអ្នកសមាជិកប្រមាណ ៣ពាន់នាក់ ហើយជាការការណ៍ វាគឺជាស្ថាប័នរដ្ឋដ៏មានឥទ្ធិពលបំផុតនៅក្រោមរដ្ឋធម្មនុញ្ញចិន ទោះបីការអនុវត្តជាក់ស្ដែង បក្សកុម្មុនិស្ដមានសិទ្ធិអំណាចខ្លាំងជាងក៏ដោយ។
រីឯ សន្និសិទ ទីប្រក្សានយោបាយប្រជាជនចិន គឺមានសមាជិកប្រហែល២ពាន់នាក់ នឹងចាប់ផ្ដើមប្រជុំនៅថ្ងៃមុនប្រជុំសភាប្រជាជនជាតិ និងបន្ដធ្វើឡើងនៅថ្ងៃដំណាលគ្នា។
ការប្រជុំជាធម្មតាមានរយៈពេលពីមួយទៅពីរសប្តាហ៍ ហើយ «សម័យប្រជុំពីរអង្គ» នៅឆ្នាំនេះ គឺជាលើកទីមួយនៃអាណត្តិប្រាំឆ្នាំថ្មីសម្រាប់ការដឹកនាំដោយបក្សកុម្មុយនិស្តចិន ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពីលោក Xi ទទួលបានអាណត្តិទី៣ ដែលជាមេដឹកនាំគណបក្សកាន់អំណាចបានយូរជាងគេ ហើយសម័យប្រជុំលើកនេះនឹងពង្រឹងអំណាចរបស់លោកបន្ថែមទៀត។
សម័យប្រជុំដ៏ឱឡារិកនេះក៏ត្រូវបានគេរំពឹងយ៉ាងម៉ុតមាំថា នឹងមានការផ្លាស់ប្តូរដោយរុះរើតំណែងកំពូលៗរបស់រដ្ឋាភិបាលនៃប្រទេសចិន។ ក្នុងនោះ លោក Li Qiang អតីតប្រធានគណបក្សកុម្មុយនិស្តប្រចាំនៅទីក្រុងសៀងហៃនឹងត្រូវបានគេឱ្យដឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រី ជំនួសលោក លី ឃឺឈាង ។ ជាធម្មតានៅក្នុងប្រព័ន្ធដឹកនាំរបស់ចិន នាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវរឿងសេដ្ឋកិច្ច។
យោងតាមប្រភពរ៉យទ័រ សភាប្រជាជនជាតិនៃប្រទេសចិន (NPC) ក៏នឹងតែងតាំងមុខតំណែងកំពូលរបស់រដ្ឋាភិបាលរួមមានអនុប្រធាន ប្រធានសភា ទីប្រឹក្សារដ្ឋ ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីគ្រាក់ៗផ្សេងទៀតជាដើម។ ស្របពេលជាមួយគ្នានោះ ប្រទេសចិននឹងប្រកាសអំពីថវិការដ្ឋាភិបាលកណ្តាល ថវិកាចំណាយលើវិស័យយោធា និងគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំនោះផងដែរ។
ចំពោះការងារសេដ្ឋកិច្ចកំពូលៗជាច្រើន ត្រូវបានគេជឿថា នឹងត្រូវផ្ដល់ទៅឲ្យមនុស្សជំនិតៗរបស់លោកស៊ី ជាអ្នកទទួលខុសត្រូវ។ មនុស្សជំនិតរបស់លោក គឺលោក He Lifeng ត្រូវបានគេរំពឹងថានឹងក្លាយឧបនាយករដ្ឋមន្ត្រី ដែលត្រួតពិនិត្យផលបត្រសេដ្ឋកិច្ច ជំនួសលោក Liu He ដែលជាអ្នកដឹកនាំកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិកកាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ក៏នឹងមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតផងដែរ។
ក្រោមការដឹកនាំរបស់បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង សេដ្ឋកិច្ចមហាយក្សចិន នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថាមានកំណើន៣% ដែលជាកំណើនទាបជាងអ្វីដែលជាគោលដៅរបស់រដ្ឋាភិបាល ដែលធ្លាប់រំពឹងថា នឹងមានដល់ ៥,៥%។ ការដើរយឺតនៃសេដ្ឋកិច្ចចិននេះ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ សម្ពាធទីផ្សារអចលនទ្រព្យ និងតម្រូវការសកលធ្លាក់ចុះជាដើម។ ដោយឡែក នៅឆ្នាំ២០២៣នេះ មានបំណងសម្រេចបានឲ្យនូវគោលដៅកំណើនសេដ្ឋកិច្ច ៦% ជាមួយនឹងការជំរុញបង្កើនទំនុកចិត្តអ្នកវិនិយោគ និងអ្នកប្រើប្រាស់ និងកសាងសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត៕