នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានប្រកាសថា ផែនការមេនៅក្នុងការស្ដារសេដ្ឋកិច្ចរបស់វៀតណាម រួមមាន ការគ្រប់គ្រងឲ្យបាននូវស្ថានភាពកូវីដ១៩, ធានាសន្ដិសុខសង្គម, បង្កើតការងារ, ជួយស្ដារអាជីវកម្មឡើងវិញ, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, កាត់បន្ថយនីតិវិធីរដ្ឋបាល និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានលើកឡើងពីសសរស្ដម្ភធំៗចំនួន ៦ ដែលរដ្ឋាភិបាលនឹងត្រូវផ្ដោតដើម្បីឈានទៅសម្រេចផែនការមេ និងស្ដារសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ១៩។ តើសសរស្ដម្ភទាំង ៦នោះមានអ្វីខ្លះ?
ថ្លែងនៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រក្របខណ្ឌប្រទេស នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជីញ បានលើកឡើងពីសសរស្ដម្ភចំនួន៦ ដើម្បីឈានទៅសម្រេចគោលដៅស្ដារសេដ្ឋកិច្ចរបស់វៀតណាមឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។ ក្នុងនោះរួមមាន៖
សសរស្ដម្ភទី១, វៀតណាម ត្រូវតែធ្វើឲ្យខ្សែចង្វាក់ផ្គត់ផ្គង់វិលត្រលប់មកដូចដើមវិញ ដើម្បីធានានូវចរន្ដការផ្គត់ផ្គង់ទំនិញ និងសុវត្ថិភាព ក៏ដូចជាការដំណើរការយ៉ាងរលូននៃផលិតកម្មរបស់សហគ្រាសនៅវៀតណាម ស្របទៅតាមទិសដៅប្រក្រតីភាពថ្មី។
សសរស្ដម្ភទី២, វៀតណាមនឹងជំរុញលើកកម្ពស់វិស័យកម្មន្ដសាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកើនខ្ពស់ឡើងវិញ និងធ្វើឲ្យមានស្ថិរភាពនៃជីវភាពប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
សសរស្ដម្ភទី៣, វៀតណាម ត្រូវការពង្រីកការវិនិយោគកាន់តែធំបន្ថែមទៀត ពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ និងពិភពលោក, ការវិនិយោគថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលបម្រើជាក្បាលម៉ាស៊ីនរុញកំណើនថ្មីសម្រាប់សេដ្ឋកិច្ច។
សសរស្ដម្ភទី៤, វៀតណាមនឹងបន្ដពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀត ដើម្បីដោះស្រាយការលំបាកដែលអាជីវកម្មកំពុងជួបប្រទះ រួមទាំងសហគ្រាសបរទេសដែលកំពុងរកស៊ីនៅក្នុងប្រទេសវៀតណាមផងដែរ។
សសរស្ដម្ភទី៥, វៀតណាម នឹងបន្ដអភិវឌ្ឍការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ដើម្បីឲ្យត្រូវនឹងស្ដង់ដារពិភពលោក ហើយវាស្ថិតនៅក្នុងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍នៅក្នុងទសវត្សរ៍ខាងមុខនេះ។
សសរស្ដម្ភទី៦, គឺជាចំណុចសំខាន់ជាងគេបំផុត គឺការអភិវឌ្ឍធនធានមនុស្ស ដោយរដ្ឋាភិបាលវៀតណាម នឹងជំរុញឲ្យមានការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងធ្វើឲ្យផលិតភាពការងារកាន់តែប្រសើរឡើង។
ក្រៅតែពីការផ្ដោតលើសសរស្ដម្ភទាំង៦នេះហើយ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអំពាវនាវឲ្យវិនិយោគិនចូលរួមជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យវិស័យផលិតកម្មអាចត្រលប់មករកស្ថានភាពប្រសើរឡើងវិញនៅក្នុងតំបន់សួនឧស្សាហកម្ម ក៏ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសជាដើម ដើម្បីការការពារសុវត្ថិភាពខ្សែចង្វាក់ផ្គត់ផ្គង់៕