កិច្ចព្រៀមព្រៀងសេដ្ឋកិច្ច RCEP

តើកម្ពុជា នឹងអាចស្រូបទាញប្រយោជន៍អ្វីខ្លះ ពីកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំ RCEP?


មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជារំពឹងខ្ពស់ក្នុងការទទួលបានអត្ថប្រយោជន៍​​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្នាក់តំបន់ដ៏ធំជាងគេមួយ គឺ RCEP ពិសេសសម្រាប់ការនាំចេញទំនិញ សេវាកម្ម និងការវិនិយោគ។ ទោះយ៉ាងណា អ្នកជំនាញ សេដ្ឋកិច្ចអះអាងថា ទន្ទឹមនឹងការទទួលបានឱកាស តាមរយៈកិច្ចព្រមព្រៀងនេះ វាក៏មាន​កត្តាប្រឈមសម្រាប់កម្ពុជាផងដែរ។
កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ (រូបភាព៖ក្រសួងពាណិជ្ជកម្ម)

នៅទីបំផុត​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ ឬហៅកាត់ថា RCEP ត្រូវបាន​ប្រទេស​ចំនួន​១៥ រួមទាំងកម្ពុជាផង បានសម្រេច​ចុះ ហត្ថលេខា​ហើយ​កាលពីថ្ងៃអាទិត្យ ទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី​ត្រូវបាន​ចរចា​អស់រយៈពេលប្រមាណ​៨ឆ្នាំ។

ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ គឺធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​តាមវីដេអូ​អនឡាញ​ដែលរៀបចំឡើង​ពីទីក្រុង​ហាណូយ​ប្រទេសវៀតណាម។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​អះអាងថា នឹងជួយ​ឲ្យ​កម្ពុជា​អាចទាញ​បាន​ប្រយោជន៍​បាន​ច្រើនជាង​កិច្ច​ព្រមព្រៀង​ដែលធ្លាប់​មាន​កាលពីមុន​ទៅទៀត ពិសេស​ការជំរុញ​កំណើន​នាំចេញ​ទំនិញ សេវាកម្ម និងការ​វិនិយោគ​។

កិច្ចព្រមព្រៀង ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ ឬហៅកាត់ថា RCEP ត្រូវបាន​គេមើលឃើញថា គឺជា​កិច្ចព្រមព្រៀង​ថ្នាក់តំបន់​ដ៏ធំ​ជាងគេ​បំផុតមួយ​របស់​ពិភពលោក ដែលមាន​ប្រទេស​ចំនួន​១៥ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូលរួម ដែលមានទំហំ​ប្រមាណ​២៩% នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់សកលោក។

លោក ឡុង កែមវិចិត្រ​ មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹង​បង្កើត​ឲ្យមាន​នូវ​សេរីភាវូបនីយកម្ម ទៅលើ​ទំនិញ សេវាកម្ម និងការវិនិយោគ រវាង​ប្រទេស​កម្ពុជា នឹង​ប្រទេស​ជាសមាជិក​ចំនួន​១៤ផ្សេងទៀត។ លោក បន្ថែមថា តាមការ​សិក្សា​របស់​ក្រសួង​ពាណិជ្ជកម្ម នាពេល​កន្លងមក បាន​ឲ្យដឹងថា ក្រោយពី​កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន និង​ចាប់ផ្ដើម​អនុវត្តនោះ វានឹង​ជំរុញឲ្យ​មាន​កំណើន​៧% សម្រាប់​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា រីឯ​កំណើន​ការ​វិនិយោគ​វិញ​នឹង​មាន​២៣% ហើយ​ក៏រំពឹងដែរថា នឹងចូលរួម​ជំរុញ​កំណើន​២% សម្រាប់​កំណើន​ផលិតផល​ក្នុងស្រុកសរុប​របស់​កម្ពុជាផងដែរ។ 

តើកម្ពុជា នឹងអាចស្រូបទាញប្រយោជន៍អ្វីខ្លះ ពីកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំ RCEP?

ទោះយ៉ាងណា បើតាម​ការគូសបញ្ជាក់​របស់​មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ក្រោយពីបាន​ចុះ​ហត្ថលេខា​រួមគ្នា​លើកិច្ចព្រមព្រៀង​ RCEP នេះរួចហើយនោះ ប្រទេស​នីមួយៗ​នៅតែបន្ដ​ធ្វើការងារ​ផ្ទៃក្នុង​របស់ខ្លួន​បន្ដទៀត ដើម្បី​អាច​ជំរុញឲ្យ​កិច្ចព្រមព្រៀងនេះ អាចចូលជាធរមាន ដោយយ៉ាងហោចណាស់​អាចចំណាយ​ពេល​១ឆ្នាំ ឬច្រើនជាងនេះ។ ប៉ុន្ដែ សម្រាប់​កម្ពុជា​នឹង​ជំរុញ​ការងារ​រៀបចំ​បញ្ចប់​ការងារ​ផ្ទៃក្នុង​ឲ្យបានលឿន​ក្នុងរយៈពេលដ៏​ខ្លី​ខាងមុខ។

លោក ឡុង កែមវិចិត្រ សង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀង​RCEP នេះ គឺកម្ពុជា​ទទួលបាន​ផលប្រយោជន៍​ច្រើនជាង​កិច្ចព្រមព្រៀង​ដែលធ្លាប់​បាន​ធ្វើ​មុនៗទៅទៀត ដ្បិតថា វា​មានការ​បើកទីផ្សារ​មិនមែន​ត្រឹមតែ​ប្រទេស​អាស៊ានទាំង១០​នោះទេ តែវា​ក៏មាន​ការបើកទីផ្សារ​ប្រទេស​ធំៗ​ចំនួន៥ទៀតផងដែរ រួមមាន​ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវេស័រឡង់។

តាមរយៈ​កិច្ចព្រមព្រៀងនេះ កម្ពុជា​រំពឹងថា ការនាំចេញ​ទំនិញសក្ដានុពលដូចជា​ សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ និងអង្ករជាដើម នឹងមានការកើនឡើង ហើយ​វា​ក៏មាន​ការបើក​បើកទូលាយ​ទីផ្សារ​ សម្រាប់​កសិផល ដទៃទៀតដូចជា បន្លែត្រីសាច់​ជាដើម​។

លោកច័ន្ទ សុផល អ្នក​សេដ្ឋកិច្ច​ឯក​រាជ្យ និង​ជានាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​លើកឡើងដែរថា ការចុះ​កិច្ចព្រមពាណិជ្ជកម្មសេរី​ វា​តែងតែ​ផ្ដល់នូវ​ឱកាស​ទីផ្សារ ឬកាលានុវត្តភាព ខណៈដែល​កម្ពុជា​ជាប្រទេស​មានការផលិត​ក្នុងស្រុកនេះ ដូចនេះ កម្ពុជា​អាច​ផលិតផល​នាំចេញ​ទៅកាន់ទីផ្សារទាំងនោះបាន​ តែ​ក៏ត្រូវដឹងថា ប្រទេស​ដទៃទៀត ក៏អាច​នាំចូល​ផលិតផល​របស់ពួកគេ​មក​កម្ពុជា​ដូចគ្នាដែរ ដូច្នេះ វាជាឱកាស ហើយក៏មាន​ការប្រឈមដែរ។ 

លោកបន្តថា សម្រាប់​កម្ពុជា អាចប្រឈម​នឹង​ការប្រកួតប្រជែង​ចំពោះ​ការផលិត​ជាមួយនឹង​ប្រទេស​ជិតខាង ដោយ​ការផលិត​របស់​កម្ពុជា​បច្ចុប្បន្ន នៅតែ​មាន​ការចំណាយ​ថ្លៃដើម​ខ្ពស់​ជាងគេ​ប្រទេស​ជិតខាង។ ដោយសារតែ​ ប្រទេស​ជិតខាង​អាចផលិតបាន​ក្នុងតម្លៃថោកជាង​កម្ពុជា និងក្នុង​បិរមាណ​ច្រើន​ស្របតាម​តម្រូវការនេះហើយ ទើបគេ​អាចមើលឃើញ​ជាក់ស្ដែងថា បច្ចុប្បន្ន​ការហូរ​ចូល​ទំនិញ​ម្ហូបអាហារ​ពី​ប្រទេសជិត​ខាង​នៅតែ​បន្ដកើតមានច្រើន​​នៅកម្ពុជា។

បើតាម​លោក​ ច័ន្ទ សុផល ការដែលមាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់តំបន់​ធំៗបែបនេះ​វាគឺជា​ឱកាស​ទីផ្សារ​សម្រាប់​កម្ពុជាហើយ ប៉ុន្ដែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវតែធ្វើយ៉ាងណា​បង្កើត​ឲ្យមាន​បរិយាកាស​អំណោយផល​សម្រាប់​ការធ្វើ​ធុរកិច្ច និងការវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ឲ្យកាន់តែ​ប្រសើរឡើង​ ដើម្បីជំរុញ​ការផលិត​ក្នុងស្រុក។ បញ្ហាដែល​ត្រូវបន្ដ​ដោះស្រាយ​នោះ គឺ​ការពង្រឹង​សមត្ថភាព​ផលិត និងហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ការ​ផលិត​រ ដូចជា​ការសម្រួល​តម្លៃទឹក ភ្លើង​អគ្គិសនី​ឲ្យនៅទាប និងមានថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​មិនដាច់ញឹកញាប់, មធ្យោបាយដឹកជញ្ជូន​ត្រូវ​អភិវឌ្ឍថែមទៀត ដើម្បីឲ្យការដឹកជញ្ជូន​មានតម្លៃថោកជាងនេះ នឹង​ប្រើប្រាស់ពេលវេលា​តិចជាងមុន។

សំខាន់ជាងនេះ នីតិវិធីការងារ​រដ្ឋបាល​ក៏ដូចជា​បែបបទ​ផ្លូវច្បាប់​នានា​សម្រាប់​ការធ្វើអាជីវកម្ម ក៏ត្រូវ​មានការ​ធ្វើឲ្យប្រសើរ​ឡើងជាងមុន​ផងដែរ។ ជាមួយគ្នានេះ ចំពោះការផលិត​កសិកម្ម​វិញ ​ការចងក្រងប្រមូលផ្ដុំ​កសិករ​ជាសហគម ដើម្បីអាច​ផលិតផល​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាមតម្រូវការ ឲ្យបាន​ជាប់លាប់នោះ ក៏ជារឿង​ចាំបាច់​ត្រូវធ្វើដែរ។

ជុំវិញ​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង RCEP នេះដែរ ប្រទេសជប៉ុន ក៏រំពឹងទាញបាន​ប្រយោជន៍​ច្រើនណាស់ដែរ ដោយសារតែ​ដៃគូពាណិជ្ជកម្ម​ធំៗរបស់ខ្លួន​គឺ ចិន ននិងកូរ៉េខាត្បូង ក៏ស្ថិត​នៅក្នុងកិច្ចព្រមព្រៀងនេះដែរ។ តាម​សារព័ត៌មាន Japantimes បាន​ឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹង​គ្របដណ្ដប់លើ​៤៦% នៃពាណិជ្ជកម្ម​សរុប​របស់​ជប៉ុន ហើយវា​នឹង​ធ្វើឲ្យ​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទី១​របស់ជប៉ុន ដែលបាន​ធ្វើ​ជាមួយនឹង​ចិន និងកូរ៉េខាត្បូង។​

ក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញ​ទំនិញ​របស់ជប៉ុន​ប្រមាណ​៨៦% នឹង​ត្រូវបាន​រួចពន្ធ​សម្រាប់​នាំចេញ ទៅប្រទេសចិន និង​៨១% រួចពន្ធ​សម្រាប់​នាំចេញ ទៅកូរ៉េខាងត្បូង និង​៨៨% សម្រាប់​នាំចេញ​ទៅប្រទេស​អាស៊ាន អូស្ត្រាលី និងណូវេស័រឡង់។

បើតាម​ក្រសួង ពាណិជ្ជកម្ម ក្រៅពីកិច្ចព្រមព្រៀង​ថ្នាក់តំបន់​ RCEP ដែលទើបតែ​ចុះហត្ថលេខានេះ​ កម្ពុជា​ក៏កំពុង​ជំរុញ​កិច្ចការងារ​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន ដើម្បីអាច​ចូលជាធរមាន​នៅឆ្នាំក្រោយនេះ។ លើសពីនេះ កម្ពុជា​កំពុង​តែ​សិក្សា និងចរចា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួនទៀត​ដូចជា​កិច្ចព្រមព្រៀង អឺរ៉ុប-អាស៊ី, កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​អឺរ៉ុប, អាមេរិក កូរ៉េខាងត្បូង និងប្រទេស​មួយចំនួនទៀត​ផងដែរ៕

None



អត្ថបទបន្ទាប់


ទីបំផុត លោក ត្រាំ ទទួលស្គាល់ជាសាធារណៈ​ហើយ ថាលោក បៃដិន បាន​ឈ្នះ​ការបោះឆ្នោត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សារភាព​ជា​សាធារណៈ​ជាលើកដំបូង ថា លោក ចូ បៃដិន បាន​ឈ្នះ​ការបោះឆ្នោត ដែល​ការសារភាពនេះ​ធ្វើ…

ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា KrisEnergy ស្នើពន្យារពេលបូមប្រេង ព្រោះតែកូវីដ-១៩

ដំណើរការប្រតិបត្តិការបូមប្រេង ប្លុក A របស់ក្រុមហ៊ុន KrisEnergy កំពុងត្រូវបានខកខានបន្ទាប់ពីក្រុមហ៊ុនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាលកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ