ការអះអាងរបស់មន្ត្រីជាន់ខ្ពស់វៀតណាមយ៉ាងដូច្នេះ គឺបន្ទាប់ពីមានការកត់សម្គាល់ឃើញថា ការលូតលាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ កំពុងប្រឈមនឹងបញ្ហាច្រើន ពិសេសការស្ទុះងើបឡើងវិញជាសាកលមានល្បឿនយឺតយ៉ាវជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ឧបនាយករដ្ឋមន្រ្ដីលោក Le Van Thanh បានអះអាងប្រាប់ទៅកាន់សភាជាតិវៀតណាមថា សម្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាមួយនឹងការងើបឡើងវិញជាសាកលបានថយចុះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន សម្ពាធអតិផរណា និង ការកើនឡើងនៃតម្លៃប្រេងជាដើម។
លោកបាននិយាយថា ខ្សែចង្វាក់ផ្គត់ផ្គង់មួយចំនួននៅតែត្រូវបានរំខាន ខណៈដែលក្រុមហ៊ុនក្នុងស្រុកនៅតែប្រឈមមុខនឹងតម្លៃនាំចូលខ្ពស់។
គួរកត់សម្គាល់ថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើងជាង ៥% នៅក្នុងត្រីមាសទីមួយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានការកើនឡើង ៤,៧ % ខណៈប្រទេសជិតខាងកម្ពុជាមួយនេះ ក៏បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើការផលិត និងការនាំចេញរបស់ខ្លួន បន្ទាប់ពីបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាតផងដែរ។
លោក Le Van Thanhឧបនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា បើមើលទៅការអភិវឌ្ឍក្នុងស្រុក និង អន្តរជាតិ វាជាបញ្ហាប្រឈមដ៏ធំមួយក្នុងការសម្រេចបាននូវគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចពី ៦% ទៅ ៦,៥ % ក្នុងឆ្នាំ ២០២២។
តួយ៉ាង តម្លៃទំនិញប្រើប្រាស់របស់វៀតណាមក្នុងខែមេសា បានកើនឡើងជាង ២,៦% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ដោយសារការឡើងថ្លៃដឹកជញ្ជូន ម្ហូបអាហារ និង គ្រឿងសំណង់។
ទោះយ៉ាងណា លោក Le Van Thanh បានអះអាងថា វៀតណាមនឹងចាត់វិធានការដែលអាចបត់បែនបានដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណានៅក្នុងប្រទេសរបស់ខ្លួន៕