ក្រោយពីចេញរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានបង្ហាញពីភាពរំជើបរំជួលនៃកំណើននៃការស្នាក់នៅនិងរកស៊ីរបស់ជនជាតិចិននៅខេត្តព្រះសីហនុរួចមក រាជរដ្ឋាភិបាលក៏មិននៅស្ងៀមដែរ និងទើបតែបើកកិច្ចប្រជុំបន្ទាន់មួយស្វែងរកដំណោះស្រាយ។
ខេត្តព្រះសីហនុ នៅរយៈពេលចុងក្រោយនេះ ទទួលបានលំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេសយ៉ាងគំហុក ពិសេស គឺពីប្រទេសចិនតែម្ដង។ ជាក់ស្ដែង នៅឆ្នាំ២០១៧មុននេះ វិស័យសណ្ឋាគារ និងកាស៊ីណូ ត្រូវបានកត់សម្គាល់ឃើញថា មានកំណើនវិនិយោគយ៉ាងពេញនិយមបំផុត ខណៈដែលជនបរទេសដែលមកកម្សាន្ដ ស្នាក់នៅ និងប្រកបអាជីវកម្មនៅខេត្តជាប់សមុទ្រមួយនេះ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាននៃខេត្តព្រះសីហនុ។
ជនជាតិចិនប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ ពោលគឺមានរហូតដល់ជាង ៤ពាន់នាក់ ឬស្មើនឹង ៧០% នៃជនបរទេសសរុបជាង ៦ពាន់នាក់ ដែលមាន ៦១សញ្ជាតិ។
ក្រៅពីការវិនិយោគលើគម្រោងអចលនទ្រព្យធំៗ ដូចជា ខុនដូ សណ្ឋាគារ និងកាស៊ីណូ ក្នុងចំណោមជនជាតិចិនទាំងនោះ មានភាគច្រើនក៏ប្រកបអាជីវកម្មខ្នាតតូចផងដែរ ដូចជា កាត់សក់ ម៉ាស្សា ខារ៉ាអូខេ លក់គ្រឿងទេស លក់គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និងផ្លែឈើ ប្តូរប្រាក់ និងអាហារដ្ឋាន និងមានខ្លះទៀត មកធ្វើការងារជាជាងសំណង់ និងបុគ្គលិកបម្រើការនៅតាមកាស៊ីណូជាដើម ដែលទាំងអស់នេះ បានបង្កជាក្តីកង្វល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលប្រកបមុខរបរដូចគ្នានេះ។
ឆ្លើយតបនឹងក្ដីបារម្ភរបស់ពលរដ្ឋក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មក៏បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីអំពីបញ្ហាការដណ្ដើមទីផ្សារខ្នាតតូច ដោយជនបរទេសនៅក្នុងខេត្តព្រះសីហនុ ផងដែរ ដោយក្នុងនោះ កិច្ចប្រជុំក៏បានឯកភាពលើដំណោះស្រាយបឋមមួយចំនួន ដូចជា បង្កើនការផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានច្បាប់ យកចិត្តទុកដាក់តាមដានស្ថានការណ៍ជាប្រចាំ បង្កើតឲ្យមានមន្ត្រីបង្គោលសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធដល់មន្ត្រីមូលដ្ឋាន ព្រមទាំងពិនិត្យលទ្ធភាពកំណត់ ឬបង្កើតបទប្បញ្ញត្តិថ្មីលើការកំណត់មុខរបរតូចតាច ស្តង់ដារសម្រាប់ការស្នាក់នៅ ការគ្រប់គ្រងចលនាចេញ-ចូលនៃជនបរទេស ជាដើម។
ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ការហូរចូលនៃកំណើនវិនិយោគរបស់ជនជាតិចិនមកកាន់កម្ពុជា បើគិតក្នុងន័យសេដ្ឋកិច្ច គឺជារឿងត្រឹមត្រូវហើយ ប៉ុន្ដែ សម្រាប់អារម្មណ៍ប្រជាជន គឺនៅមិនទាន់មានភាពស្រណុកចិត្តនៅឡើយ។ មិនស្រណុកចិត្ត គឺដោយសារតែពីមុនពួកគាត់រកស៊ីបានស្រួល តែពេលនេះ កំពុងតែត្រូវប្រឈមនឹងការប្រជែងខ្ពស់ពីថៅកែបរទេសដែលមានដើមទុនក្រាសក្រែល ហ៊ានចាយលុយធំក្នុងការជួលទីតាំងសំខាន់ៗ។
យ៉ាងណាក៏ដោយ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក៏ត្រូវគិតគូរពីផលប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋនេះផងដែរ ពោលគឺគួរតែមានវិធានការទប់ស្កាត់កុំឲ្យមានលំហូរវិនិយោគបរទេសនេះមានច្រើនកំហុគលឿនពេក និងត្រូវមានការផ្សព្វផ្សាយអំពីគម្រោងអភិវឌ្ឍន៍ទាំងនោះ ឲ្យបានទូលំទូលាយ ដើម្បីជៀសវាងការមន្ទិលសង្ស័យនានាពីសាធារណជន។
តាមរបាយការណ៍ពីក្រសួងទេសចរណ៍ បង្ហាញថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាន ៦សែននាក់ កើនឡើងជាង ១១% ក្នុងនោះ ទេសចរចិនស្ថិតលំដាប់ទី១ មានចំនួនជាង ១លាន ២សែននាក់ កើនឡើង ៤៦% ខណៈដែលបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៥ ក្រុមហ៊ុន ដែលបានភ្ជាប់ជើងហោះហើររវាងកម្ពុជា-ចិន។ ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកមាន ៣ ក្រុមហ៊ុន និងចិន មាន ១២ក្រុមហ៊ុន ដែលបានធ្វើប្រតិបត្តិការហោះហើរទៀងទាត់ (Scheduled Flights) ភ្ជាប់រវាងកម្ពុជា-ចិន មានចំនួន ១៥៥ ជើង ក្នុងមួយសប្ដាហ៍ និងជើងហោះហើរពិសេស Charter Flight មានប្រមាណ ៥០ ជើងទៀត ក្នុងមួយសប្តាហ៍៕