ការជួបទល់មុខគ្នារវាងអគ្គលេខាធិការបក្សកុម្មុយនិស្ដនៃប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា គឺជាជំនួបដ៏កម្រមួយ ហើយវាបានកើតឡើងនៅក្រោយពេលដែល លោក ស៊ី ជីនពីង ទើបតែត្រូវបានបោះឆ្នោតគាំទ្រសម្រាប់ការកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី៣ ដែលមិនធ្លាប់មានឡើយសម្រាប់ប្រទេសចិន។ នេះបើតាមចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
លោក ង្វៀន ភូជុង ជាមេដឹកនាំបរទេសដំបូងគេហើយ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីលោក ស៊ី ជីនពីង ជាប់ការបោះឆ្នោតជា អគ្គលេខាធិការបក្សកុម្មុយនិស្តចិនអាណត្តិទីបីកាលពីពេលថ្មីៗនេះ។ នៅចំពោះមុខលោក ស៊ី ជីនពីង លោក ភូជុងបានអះអាងច្បាស់ៗថា៖ «វៀតណាមនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសណាមួយ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសវៀតណាមនោះទេ ហើយក៏មិនចូលរួមជាមួយកម្លាំង នៃប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដែរ»។
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានប្រាប់ប្រធានាធិបតីចិនក្នុងអំឡុងកិច្ចប្រជុំនៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងថា «វៀតណាមបានយកការអភិវឌ្ឍនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសវៀតណាម»។
លោក ង្វៀន ភូជុង អគ្គលេខាលេខាធិកាបក្សកុម្មុយនីស្ដវៀតណាមក៏បាននិយាយផងដែរថា វៀតណាមចង់ធ្វើការជាមួយចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនគោក និងព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសបញ្ហាទាំងនេះដែលអាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងរវាងគ្នានឹងគ្នា។
មួយវិញទៀត វៀតណាមក៏ត្រូវបានគេមើលឃើញថា ជាជម្រើសមួយដ៏សំខាន់សម្រាប់វិស័យផលិតកម្មមួយចំនួនរបស់ចិននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារការចំណាយទាប ជាពិសេសដោយសារសង្គ្រាមពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ហើយប្រទេសវៀតណាម និងអាមេរិកក៏បាននិងកំពុងខិតចូលគ្នាកាន់តែខ្លាំងដែរដោយសារតែការប្រែប្រួលនៃបញ្ហាភូមិសាស្ត្រនយោបាយ គឺដើម្បីខ្ចប់ឥទ្ធិពលចិនក្នុងតំបន់តែម្តង។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះដែរ លោក ស៊ី ជីនពីង បានប្រាប់លោក ង្វៀន ភូជុងវិញថា៖ «ប្រទេសចិនបានលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនឱ្យទៅបណ្តាក់ទុននៅវៀតណាម ហើយថែមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ការថែទាំសុខភាព ការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល និងបម្រែបម្រួលអាកាសធាតុជាដើម»។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានបន្ថែមយ៉ាងដូច្នេះថា «ប្រទេសចិនមានឆន្ទៈក្នុងការពន្លឿនការភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយភាគីវៀតណាម ក្នុងការជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ និងរួមគ្នាកសាងប្រព័ន្ធចង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដែលមានស្ថិរភាព»។
បុរសខ្លាំងរដ្ឋចិនរូបនេះបានគូសបញ្ជាក់ទៀតថា «បើនិយាយពីមនោគមវិជ្ជាវិញ ប្រទេសសង្គមនិយមទាំងពីរប្រឈមមុខនឹង «បរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ និងហានិភ័យធ្ងន់ធ្ងរ ដូច្នេះហើយគណបក្សកុម្មុយនិស្តចិន និងវៀតណាម ត្រូវតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ទំនើបភាវូបនីយកម្មសង្គមនិយម ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកជ្រៀតជ្រែកដល់ការរីកចម្រើន ក៏ដូចជាធ្វើឱ្យរង្គោះរង្គើដល់គ្រឹះនៃស្ថាប័នជាតិនោះឡើយ »។ បន្ថែមពីនេះ ចិន និងវៀតណាមគួរតែជំរុញការផ្លាស់ប្តូរអភិបាលកិច្ច និងរក្សាទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ដើម្បី «រក្សាសន្តិសុខនយោបាយ និងស្ថិរភាពសង្គមរបស់គ្នាទៅវិញទៅមក»។ នេះបើតាមការបញ្ជាក់របស់លោក ស៊ី ជីនពីង។
គួរជម្រាបថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ យោងតាមទិន្នន័យផ្លូវការរបស់គយវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានកើនឡើងលើសពី ១៦៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើងជិត២៥% ធៀបនឹងឆ្នាំ២០២០។
ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសចិន និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសនឹងគ្នាខ្លាំងទាក់ទិននឹងបញ្ហាដ៏ចម្រូងចម្រាសនៃសមុទ្រចិនខាងត្បូង ក៏ដូចជាការកើនឡើងនូវឥទ្ធិពលចិនក្នុងតំបន់ផងដែរ ដែលបានធ្វើឱ្យទីក្រុងហានូយមានការព្រួយបារម្ភយ៉ាងខ្លាំង៕