ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលធ្លាយដំណឹងដ៏រសើបថា អាម៉េរិក គ្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែ នៅតំបន់អឺរ៉ុបបន្ថែមទៀត។ បច្ចុប្បន្នអាវុធនុយក្លេអ៊ែរបស់សហរដ្ឋអាម៉េរិក ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO ចំនួន៦រួចហើយ។ ទោះជាយ៉ាងណាអាម៉េរិក មានមហិច្ឆតាពង្រីកការដាក់ពង្រាយបន្ថែមទៀតតាមរយៈការបង្កើតមូលដ្ឋានសម្រាប់យន្តហោះមានសមត្ថភាពពីរ DCA ដែលអាចផ្ទុកទាំងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែ។
យោងតាមរបាយការណ៍បានបង្ហាញថា បណ្ដាប្រទេសជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO នៅអឺរ៉ុបខាងកើត ដែលជាខ្សែត្រៀមជួរមុខជាមួយរុស្ស៊ី រួមមាន ប៉ូឡូញ និងបណ្តាប្រទេសតំបន់បាល់ទិកមួយចំនួនទៀត កំពុងបង្ហាញចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះសាងសង់មូលដ្ឋានសម្រាប់យន្តហោះចម្បាំង DCA ដែលអាចផ្ទុកទាំងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែ ខណៈដែលការពិភាក្សាកំពុងបន្តក្រោមយន្តការរបស់អង្គការបក្សសម្ព័ន្ធយោធា NATO។
ទោះបីជាយ៉ាងណា កាសែត Financial Times បានបញ្ជាក់ថា ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងជិតសម្រេចណាមួយសម្រាប់ការពង្រីកការដាក់ពង្រាយអាវុធនុយក្លេអ៊ែ នៅឡើយទេ ព្រោះការចរចានៅស្ថិតក្នុងដំណាក់កាលពិភាក្សាប៉ុណ្ណោះ។
ដំណឹងដ៏រសើបនេះកើតឡើង ស្របពេលដែលស្ថានភាពសន្តិសុខនៅអឺរ៉ុប កាន់តែតានតឹង បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះសេតវិមាន ក្រសួងការពារជាតិអាម៉េរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយជាផ្លូវការជុំវិញដំណឹងដ៏រសើបនេះនៅឡើយទេ៕
ដោយ: តែម សុខុម