![ទស្សនកិច្ច](https://cdn.cambonomist.com/media/images/59.32asdas234sda.2e16d0ba.fill-960x540.jpg)
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសហ្វីលីពីននេះ គឺជាការឧទ្ទេសនាមខ្លួនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយឡើងកាន់តំណែង ដែលវាជាប្រពៃណីនៅក្នុងតំបន់អាស៊ាន។ អ្នកជំនាញរូបនេះជឿថា ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ នឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ម្យ៉ាងទៀតលោករំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងកាន់តែមានភាពល្អប្រសើរថែមទៀត ដ្បិតថា ហ្វីលីពីនជាប្រទេសមានតម្រូវការនាំចូលអង្ករ ហើយកម្ពុជាជាប្រទេសនាំចេញអង្ករ ដូច្នេះវាអាចជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការពង្រីកទីផ្សារបន្ថែម។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីននេះ គឺមានអត្ថន័យជ្រាវជ្រៅណាស់ចំពោះកិច្ចសហប្រតិបត្តការនៃប្រទេសទាំងពីរទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី បើទោះបីជាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅពុំទាន់មានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ក្តី។ តែយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា តាមរយៈដំណើរទស្សនកិច្ចនេះ វានឹងជួយជំរុញ និងពង្រីកការនាំចេញផលិតផលកសិកម្ម ជាពិសេសអង្កររបស់កម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនបន្ថែមទៀត។
តាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយសម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ហ្វីលីពីនផ្សេងៗទៀត។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួនផងដែរ។ បន្ថែមលើនេះ សម្ដេចធិបតី ក៏នឹងចូលរួមថ្លែងសុន្ទរកថាបើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីនផងដែរ។
គួរជម្រាបថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសហ្វីលិពីនកាលពីឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង៨៧លានដុល្លារ ថយចុះប្រមាណ២,៧% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទៅហ្វីលីពីនមានជិត៤៨លានដុល្លារ ធ្លាក់ចុះជាង៨% ខណៈកម្ពុជានាំចូលពីហ្វីលីពីនវិញមានជាង៣៩លានដុល្លារ កើនឡើងជាង៥%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕