អស់ពេលជាង១ខែមកហើយ ប៉ុន្តែផលរំខាននៃវ៉ាក់សាំង AstraZeneca ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា ធ្វើឲ្យកកឈាមនៅក្នុងសសៃឈាមនោះ នៅតែបន្តកើតមានលើអ្នកចាក់វ៉ាក់សាំងប្រភេទនេះនៅតំបន់អឺរ៉ុបដដែល។
ជាក់ស្តែងគិតមកដល់ត្រឹមថ្ងៃទី២៤មីនា គេរកឃើញមាន ៣០ករណី ក្នុងនោះ ៧ករណីបានស្លាប់នៅក្នុងចក្រភពអង់គ្លេស ខណៈដែលអង់គ្លេសបានការចាក់ថ្នាំបង្ការ AstraZeneca បានដល់ទៅ ១៨លានដូសទៅហើយ និង ១២ករណីផ្សេងទៀតនៅបារាំងដែលក្នុងនោះស្លាប់បួនករណី ស្របពេលដែលបារាំងចាក់វ៉ាក់សាំងប្រភេទនេះអស់ ២លាន៥សែនដូសរួចហើយ។ ក្នុងចំណោមករណីទាំងនេះ គេសង្កេតឃើញភាគច្រើន ផលរំខានបានកើតឡើងលើមនុស្សមានអាយុក្រោម ៦០ឆ្នាំ។
យ៉ាងណាក៏ដោយចុះ បើតាមមន្ត្រីទីភ្នាក់ងាររឱសថសហភាពអឺរ៉ុបបានអះអាងថា ចំនួននេះជាករណីដ៏កម្រ និង តិចតួចណាស់ បើធៀបនឹងអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca នៅអឺរ៉ុបរាប់លាននាក់។
មិនទាន់មានការសន្និដ្ឋានជាក់លាក់ និង ជាផ្លូវណាមួយនៅឡើយទេ មកទល់នឹងពេលនេះ ថាតើ AstraZeneca ពិតជាមូលហេតុពីក្រោយកំណកឈាមក្នុងសសៃឈាមមែនឬយ៉ាងណា។ ក៏ប៉ុន្ដែ មន្ត្រីនៃទីភ្នាក់ងាររឱសថអឺរ៉ុប គ្រាន់តែបានបង្ហើបថា វាអាចជាប់ពាក់ព័ន្ធនឹងកំណកឈាមក្នុងសសៃឈាមពិតមែន តែគេមិនទាន់ដឹងដដែលថា អ្វីទៅជាមូលហេតុនាំឱ្យមានប្រតិកម្មកកឈាមនោះនៅឡើយទេ។
យ៉ាងណាក៏ដោយ គណៈកម្មការគ្រប់គ្រងសុវត្ថិភាពឱសថអឺរ៉ុប ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ទំនងជាត្រូវផ្តល់សេចក្តីសម្រេច និងផ្តល់ជាមូលហេតុជាក់លាក់មួយនៅក្នុងសប្តាហ៍នេះហើយ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការបង្ហើបឲ្យដឹងដូចនេះ ប្រទេសនៅអឺរ៉ុបមួយចំនួនបានរារែកក្នុងការចាក់វាក់សាំង Astra Zeneca របស់អង់គ្លេស ស្របពេលដែលពួកគេកំពុងមើលមុខគ្នាមិនចំ ដោយសារបញ្ហាបែងចែកវ៉ាក់សាំងមិនស្មើគ្នាកន្លងមក ទោះបីជាសហភាពអឺរ៉ុបអំពាវនាវឱ្យមានសាមគ្គីភាពយ៉ាងណាក្តី។
ប្រទេសបារាំង និង ប៊ែលហ្សិក បានសម្រេចផ្អាកចាក់វ៉ាក់សាំង AstraZeneca ដល់ប្រជាជនមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅ ខណៈដែរ អ៊ីតាលីក៏ផ្អាកចាក់វ៉ាក់សាំងដល់អ្នកមានអាយុលើ៦០ឆ្នាំផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រទេសអេស្បាញ បានសម្រេចឲ្យតំបន់ភាគខាងជើងរបស់ប្រទេសខ្លួន ផ្អាកចាក់វ៉ាក់សាំង AstraZeneca សិន ខណៈដែលប្រទេសដាណឺម៉ាកនិង ណកវ៉េបានសម្រេចផ្អាកទាំងស្រុងតែម្តង។
យើងនឹងរង់ចាំមើលថា តើការសម្រេចចិត្តបន្ទាប់របស់ទីភ្នាក់ងាររឱសថអឺរ៉ុបនឹងទៅជាយ៉ាងណា? ហើយថាតើ ទីភ្នាក់ងាររឱសថអឺរ៉ុប នឹងយកមូលហេតុអ្វីមកពន្យល់ពីមូលហេតុនៃផលរំខានកំណកឈាមក្នុងសសៃឈាម ក្រោយការចាក់វ៉ាក់សាំងនេះ?ស្របពេលដែលភាគីក្រុមហ៊ុន AstraZeneca ជារឿយៗ បានអះអាងដដែលៗថា គ្មានភស្តុតាងបង្ហាញពីផលរំខានធ្ងន់ធ្ងររបស់ថ្នាំបង្ការរបស់ខ្លួននោះទេ៕