តើមានកត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះ?

តើមានកត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ?


តម្លៃប្រេងឆៅពិភពលោក ត្រូវបានគេរំពឹងថា នឹងបន្ដធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ ដែលអាចនឹងមានតម្លៃមកនៅត្រឹមចន្លោះពី ៩៨ ទៅ១០០ដុល្លារក្នុងមួយធុងបារ៉ែល នៅគ្រាដែលតម្រូវការប្រេងសកលមានការធ្លាក់ចុះ នោះក៏ព្រោះតែចំពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏បានបង្ហាញពីការថមថយចុះដូចគ្នាដែរ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនចម្រាញ់ប្រេងឆៅដ៏ធំមួយរបស់ថៃ ឈ្មោះថា Thai Oil Plc។
តើមានកត្តាអ្វីខ្លះជំរុញឲ្យតម្លៃប្រេងឆៅពិភពលោកនឹងធ្លាក់ចុះបន្ថែមទៀតនៅសប្ដាហ៍នេះ?
ដោយ

កាលពីសប្ដាហ៍មុន តម្លៃប្រេងឆៅជាមធ្យមនៅទីផ្សារអង់គ្លេសមានតម្លៃជាង១០៣ដុល្លារក្នុងមួយធុងបារ៉ែល និងនៅទីផ្សារឌូបៃមានដល់ជាង១០២ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលតម្លៃប្រេងនៅទីផ្សារអាមេរិកវិញ គឺមានតម្លៃជិត៩៥ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារ៉ែល។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនប្រេងថៃ Thai Oil Plc បានអះអាងថា ការផ្លាស់ប្ដូរតម្លៃប្រេងឆៅ ជាធម្មតាវានឹងធ្វើឲ្យតម្លៃប្រេងដែលចម្រាញ់រួចមានការប្រែប្រួលផងដែរ។ ក្រុមអ្នកវិភាគបានបន្ថែមថា កំណើនតម្លៃប្រេងសកលលោក ដែលកំពុងកើនឡើងខ្លាំង គឺបានចាប់ផ្ដើមឡើងតាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង កាលពីចុងខែកុម្ភៈមកម្ល៉េះ។

ប៉ុន្ដែ បញ្ហាតម្លៃប្រេងឡើងថ្លៃនេះ ត្រូវបានគេរំពឹងថា នឹងមានការស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា ដោយធនាគារកណ្ដាលរបស់អាមេរិក និងធនាគារកណ្ដាលរបស់អឺរ៉ុប។ តួយ៉ាង សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅ បានកើនឡើងជាង៩% បន្ថែមទៀត ពោលគឺអត្រាកំណើនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។

ដើម្បីទប់ទល់នឹងបញ្ហាអតិផរណានេះ ធនាគារកណ្ដាលអាមេរិកក៏បានបង្ខំចិត្តសម្រេចបង្កើនអត្រាការប្រាក់បន្ថែម ០,៧៥% កាលពីខែមិថុនាកន្លងទៅនេះ ដែលជាការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ១៩៩៤មក។

ទោះយ៉ាងណា ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក ក្រៀងក្រៃ ធៀននុគុល បានអះអាងថា វិធានការដើម្បីកាត់បន្ថយអតិផរណាកើនខ្ពស់នៅក្នុងសហរដ្ឋអាមេរិកនេះ នឹងអាចអូសទាញឲ្យសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងពិភពលោកមួយនេះ នឹងធ្លាក់ចុះទៅក្នុងវិបត្តិក៏អាចថាបានដែរ។

នៅគ្រាដែលពិភពលោកកំពុងប្រយុទ្ធទប់ទល់នឹងអតិផរណាកើនខ្ពស់នេះ ប្រទេសចិនឯណោះវិញ ក៏នៅតែបន្ដដាក់ចេញនូវវិធានការគ្មានកូវីដ១៩របស់ខ្លួនយ៉ាងតឹងរ៉ឹង នៅចំពេលប្រទេសនេះ កំពុងប្រឈមនឹងការផ្ទុះរាលដាលឆ្លងថ្មី ដោយក្នុងនោះ ចិនក៏បានដាក់ចេញវិធានការបិទខ្ទប់លើតំបន់មួយចំនួន ការរឹតបន្ដឹងលើការធ្វើដំណើរ ហើយវិធានការទាំងនេះ បានបង្កជាផលប៉ះពាល់ជាបន្ដបន្ទាប់ទៅលើខ្សែចង្វាក់ផ្គត់ផ្គង់សកលលោក។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនប្រេង Thai Oil Plc អះអាងថា ការដំឡើងអត្រាការប្រាក់ និងវិធានការកូវីដ១៩ដ៏តឹងរ៉ឹង នឹងក្លាយជាកត្តាចម្បង ដែលនឹងកាត់បន្ថយតម្រូវការប្រេងនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោក។

តួយ៉ាង ការបិទខ្ទប់ ត្រូវបានធ្វើឡើងជាញឹកញាប់នៅប្រទេសចិន ដើម្បីប្រយុទ្ធទប់ទល់ជាមួយកូវីដ១៩នោះ ក៏ត្រូវបានគេមើលឃើញថា នឹងជាកត្តាទាំញឲ្យកំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកនៅត្រឹម៣,៤% នៅឆ្នាំ២០២២នេះ ខណៈដែលកាលពីមុនធ្លាប់ព្យាករថា នឹងមាន៥,៥%។

ទោះជាបែបនេះក្ដី នៅថ្ងៃទី ២៦ ខែកក្កដានេះ តម្លៃប្រេងពិភពលោក បានហក់ងើបឡើងវិញបន្ដិច ដោយសារតែមានក្ដីរំពឹងអំពីការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសធម្មជាតិរបស់រុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប ដែលអាចនឹងជំរុញឲ្យមានបង្កើនការប្រើប្រាស់ប្រេងឆៅ។

ជាក់ស្ដែង នៅថ្ងៃអង្គារសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសសម្រាប់លក់ចេញនៅខែកញ្ញាខាងមុខ បានកើនឡើង៤៥សេន ឬស្មើនឹង០,៤% បន្ថែមទៀតក្នុងមួយធុងបារ៉ែល នាំឲ្យតម្លៃប្រេងកើនដល់ ១០៥ដុល្លារ ៦០សេន។ រីឯ តម្លៃប្រេងឆៅនៅទីផ្សារអាមេរិកវិញ កើនឡើង៣៤សេន ឬស្មើនឹង០,៤%ដូចគ្នា ដោយនាំឲ្យប្រេងដែលត្រូវលក់នៅខែកញ្ញាខាងមុខមានតម្លៃជាង៩៧ដុល្លារក្នុងមួយធុងបារ៉ែល៕




អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី ២៦កក្កដានេះ ស្ដីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេ…

មេដឹកនាំឥណ្ឌូនេស៊ីជួប លោក ស៊ី ជីនពីង ពិភាក្សាការបញ្ចៀសភាពប្រេះឆានៅកិច្ចប្រជុំកំពូលG20ចុងឆ្នាំនេះ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ នៅថ្ងៃអង្គារទី២៦កក្កដា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានប្ដូរវេន G20 នៅឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ