តម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលបានឡើងថ្លៃយ៉ាងគំហុកក្នុងអំឡុងពេលពិភពលោករងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ បានវិលមកភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ គិតមកទល់ពេលបច្ចុប្បន្ននេះ។ បើតាមការលើកឡើងរបស់លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បច្ចុប្បន្នតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកបានធ្លាក់ចុះស្ទើរជិតពាក់កណ្តាល បើធៀបនឹងតម្លៃដែលបានហក់ឡើងខ្ពស់កាលពីមុន។ ក្នុងនោះការដឹកជញ្ចូនទំនិញទៅកាន់ទីផ្សារអឺរ៉ុបដែលបានហក់ឡើងជាង១ម៉ឺនដុល្លារក្នុង១ទូកុងតឺន័រនោះ បានធ្លាក់ចុះមកនៅក្រោម១ម៉ឺនដុល្លារក្នុង១ទូកុងតឺន័រនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺបន្ទាប់ពីការកកស្ទះទូកុងតឺន័រនៅតាមប្រទេសផ្សេងៗត្រូវបានដោះស្រាយ ស្របពេលបញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកមានភាពធូរស្បើយ។
បើតាមការលើកឡើងរបស់លោក ជា ចាន់ដារ៉ា មិនមែនមានតែការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនោះទេ ដែលមានភាពធូរស្បើយ សូម្បីការដឹកជញ្ជូនតាមផ្លូវគោក និងអាកាស ក៏បានវិលមករកភាពល្អប្រសើរឡើងវិញផងដែរ ក្រោយតម្លៃប្រេងឥន្ធនៈមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ជាការពិតការដឹកជញ្ជូននាពេលបច្ចុប្បន្ន ហាក់មានភាពល្អប្រសើរជាងប៉ុន្មានខែមុន ប៉ុន្ដែ ភាពល្អប្រសើរនេះ គឺវាអាស្រ័យលើតំបន់នីមួយៗប៉ុណ្ណោះ ពោលគឺការដឹកជញ្ជូនទៅតំបន់ខ្លះនៅតែមានតម្លៃខ្ពស់ និងជួបបញ្ហាដដែល។
តាមការគូសបញ្ជាក់របស់អ្នកជំនាញ ការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកនាពេលកន្លងមក បានជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនបានដំឡើងថ្លៃចន្លោះពី១០ទៅ២០% ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងរក្សាស្ថិរភាពប្រាក់ចំណូលរបស់ពួកគេ។ កត្តានេះបានជះឥទ្ធិពលជាវិជ្ជមានក្នុងការរួមចំណែកធ្វើឲ្យតម្លៃទំនិញមួយចំនួនមានការកើនឡើង និងបានទាញទម្លាក់សកម្មភាពដឹកជញ្ជូនរបស់ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួន ក្រោយធ្លាក់ចុះតម្រូវការ៕