ការស្ទង់មតិរបស់ក្រុមស្រាវជ្រាវ Decoding Global Talent ដែលចេញដោយសារព័ត៌មានវៀតណាម VnExpress បានបង្ហាញថា កាលពីឆ្នាំមុនប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី៨ ជាប្រទេសដែលគេចូលចិត្តទៅធ្វើការខ្លាំងបំផុតនៅលើពិភពលោក។ ការស្ទង់មតិដែលធ្វើលើមនុស្សជាង១៥ម៉ឺននាក់ក្នុងប្រទេសចំនួន១៨៨ ពីខែតុលា ដល់ខែធ្នូ ឆ្នាំមុននេះបានបន្ថែមថា នេះគឺជាចំណាត់ថ្នាក់មួយខ្ពស់ជាងប្រទេសបារាំង និងអេស្ប៉ាញទៅទៀត ខណៈដែលបារាំងបានចំណាត់ថ្នាក់ទី៩ ហើយអេស្ប៉ាញបានជាប់លេខ១០។
ការស្ទង់មតិនេះបាននិយាយថា ហេតុផលសំខាន់ៗដែលគេបានជ្រើសរើសប្រទេសសិង្ហបុរីនោះ ផ្ដោតសំខាន់លើគុណភាពការងារ និងឱកាសបន្ទាប់ដូចជាគុណភាពនៃជីវិត បរិយាកាសល្អ ប្រាក់ចំណូលខ្ពស់ ពន្ធទាប និងការចំណាយតិចលើការទ្រទ្រង់ជីវិត។ ក្រុមអ្នកសរសេររបាយការណ៍នេះបាននិយាយថា ប្រទេសសិង្ហបុរី ត្រូវបានចាត់ទុកជាប្រទេសគោលដៅមួយប្រកបដោយស្ថិរភាព និងសុវត្ថិភាព ហើយមានកម្រិតប្រាក់ចំណូលខ្ពស់ មានការលើកកម្ពស់ការច្នៃប្រឌិត និងឌីជីថលភាវូបនីយកម្ម។
ជនបរទេសដែលទៅធ្វើការនៅប្រទេសសិង្ហបុរី ភាគច្រើនមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ានដូចជាម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ហើយការងារដែលពួកគេកំពុងស្វែងរកច្រើនបំផុត គឺក្នុងវិស័យទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល វិទ្យាសាស្ត្រទិន្នន័យ និងឧស្សាហកម្មបញ្ញាសិប្បនិមិត្តជាដើម។
ការស្ទង់មតិនេះក៏បានបង្ហាញដែរថា សម្រាប់រយៈពេលដូចគ្នានេះ អូស្ត្រាលីបានជាប់ចំណាត់ថ្នាក់កំពូលលើកដំបូងជាប្រទេសដែលគេចង់ទៅធ្វើការងារខ្លាំងបំផុត បន្ទាប់មកគឺសហរដ្ឋអាម៉េរិក កាណាដា និងចក្រភពអង់គ្លេស តាមលំដាប់លំដោយ៕
អត្ថបទ៖ សុខ មង្គល