តៃវ៉ាន់-ចិន

តើតៃវ៉ាន់ចេញមុខឆ្លើយតបអ្វីខ្លះ ក្រោយលោក ស៊ី ជីនពីង បង្ហាញពីមហិច្ឆតាក្រសោបយកតៃវ៉ាន់ឲ្យទាល់តែបាន?


នៅថ្ងៃអាទិត្យទី១៦តុលាម្សិលមិញនេះ ជាថ្ងៃបើកសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ ក្រោមវត្តមានបុរសខ្លាំងរបស់ចិន លោកស៊ី ជីនពីង។ ក្នុងសុទ្ទរកថាជិត២ម៉ោង បើកសមាជជាតិដែលមានអាយុកាលពីរទសវត្សរ៍មកហើយនេះ លោក ស៊ី បានស្តីបន្ទោសខ្លាំងៗទៅលើកោះតៃវ៉ាន់ដែលលោកហៅថាជា ក្រុមអ្នកគាំទ្រចំពោះការប្រកាសឯករាជ្យរបស់ដែនកោះមួយនេះ។
លោកស៊ី ជីនពីងវាយថ្លែងប្រហារកោះតៃវ៉ាន់តែលើកសសើរក្រុងហុងកុង!

បុរសខ្លាំងរដ្ឋចិនរូបនេះ បានអះអាងច្បាស់ៗថា ការដាំស្រាយបញ្ហាជម្លោះជាមួយកោះតៃវ៉ាន់ ជាមួយនឹងចិនដីគោកនេះ គឺមានតែប្រជាជនចិនប៉ុណ្ណោះដែលអាចដោះស្រាយបាន ហើយប្រទេសចិន ក៏មិនដែលគិតបោះបង់ចោលនូវការប្រើប្រាស់កម្លាំងស្របច្បាប់ ចំពោះបញ្ហាកោះតៃវ៉ាន់នេះដែរ ប៉ុន្ដែ លោក ស៊ី ជីនពីង គូសបញ្ជាក់ថា នឹងខិតខំរកមធ្យោបាយដោយសន្ដិវិធី ដើម្បីបង្រួបបង្រួមតៃវ៉ាន់។ ក្រោយពីលោក ស៊ី ជីនពីង ថ្លែងបែបនេះ ប៉ុន្មានម៉ោងក្រោយមក កោះតៃវ៉ាន់ក៏បានចេញមុខឆ្លើយតបខ្លាំងៗវិញដែរថា ទីក្រុងតៃប៉ិ នឹងមិនចុះញ៉មជាមួយនឹងប៉េកាំងនោះឡើយ ហើយតៃវ៉ាន់នៅតែអះអាងថា នឹងការពារអធិបតេយ្យភាព សេរីភាព និងប្រជាធិបតេយ្យរបស់ខ្លួនឲ្យខាងតែបាន។

ក្នុងឈុតអាវធំពណ៌ខ្មៅក្រឹប ភ្ជាប់ដោយក្រវ៉ាត់កក្រហម ដែលតំណាងឱ្យពណ៌នៃបក្សកុម្មុយនិស្ដចិន លោក ស៊ី ជីនពីងនិយាយថា៖ «នៅចំពោះមុខសកម្មភាពអបគមន៍របស់កងកម្លាំង ឯករាជ្យតៃវ៉ាន់ និងសកម្មភាពបង្កហេតុដ៏ធ្ងន់ធ្ងរ ពីកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការតៃវ៉ាន់ ប្រទេសចិន តស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការបំបែកខ្លួន និងការជ្រៀតជ្រែក ដោយបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពដ៏រឹងមាំរបស់ប៉េកាំងក្នុងការការពារអធិបតេយ្យភាពជាតិ និងទឹកដី ប្រកបដោយសុចរិតភាព។»

ក្នុងសុន្ទរកថាបើក ដែលបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងប្រព័ន្ធអនឡាញយ៉ាងព្រោងព្រាតកាលពីម្សិលមិញបុរសខ្លាំងរូបនេះ បន្តទៀតថា៖ ចិនបានដាក់ចេញនូវយុទ្ធសាស្ត្ររួមមួយសម្រាប់ការដោះស្រាយបញ្ហានៅតៃវ៉ាន់ក្នុងយុគសម័យថ្មីនេះ ក្នុងនោះរួមមានការជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងច្រកសមុទ្រ ហើយទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះទង្វើផ្តាច់ខ្លួន ប្រកាសឯករាជ្យរបស់តៃវ៉ាន់។

ទោះថ្លែងមិនចំឈ្មោះថាជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកស៊ីនិយាយថា ចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីកម្លាំង ខាងក្រៅ។ កម្លាំងខាងក្រៅដែលជារឿយៗ ប្រកាសពីការគាំទ្រ និងការងារកោះតៃវ៉ាន់ពីការវាយប្រហារណាមួយ។

បន្ទាប់ពីការថ្លែងរបស់លោកស៊ី ជីនពីង នៅប៉ុន្មានម៉ោងក្រោយមក កោះតៃវ៉ាន់បានចេញមកប្រតិកម្មតបតភ្លាមៗផងដែរ ដោយក្នុងនោះកោះប្រជាធិបតេយ្យមួយនេះបានអះអាងថា ពួកគេ នឹងមិនញុះញមចំពោះអធិបតេយ្យភាពរបស់ខ្លួន ឬការសម្របសម្រួលកែប្រែលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើយ ហើយប្រជាជនរបស់ខ្លួនប្រឆាំងដាច់ខាតចំពោះគំនិតរបស់ទីក្រុងប៉េកាំងចំពោះការគ្រប់គ្រងតៃវ៉ាន់តាមរបៀប ប្រទេសមួយ ប្រព័ន្ធពីរ។ តៃវ៉ាន់នៅតែអះអាងថា ខ្លួនជាដែនដីដែលគ្រប់គ្រង ដោយខ្លួនឯង។

បើតាមខុទ្ទកាល័យមេដឹកនាំតៃវ៉ាន់ ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ គឺជាទំនួលខុសត្រូវរួមរបស់ភាគីទាំងពីរ ហើយការជួបគ្នានៅលើសមរភូមិមិនមែនជាជម្រើសនោះទេ។

ផ្ទុយស្រឡះពីកោះតៃវ៉ាន់ ក្នុងសន្ទរកថាដដែលប្រធានាធិបតីចិនស៊ី ជីនពីង បានថ្លែងសសើរពីការផ្លាស់ប្តូររបស់ក្រុងហុងកុង និងកើតស្ញប់ស្ងែងអាជ្ញាធរក្រុងមួយនេះ ចំពោះការបង្ក្រាបលើក្រុមសកម្មជន និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ លោកស៊ី ជីពីងចាត់ទុកថា ការបង្ក្រាបចាប់តាំងពីឆ្នាំ២០១៩ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយពីទីក្រុងហុងកុង ដែលលោកចាត់ទុកថា ជាកន្លែងដ៏វឹកវរ មកជាទីក្រុងដែលមានអភិបាលកិច្ចល្អ។

បុរសខ្លាំងវ័យ ៦៩ឆ្នាំរូបនេះថ្លែងថា៖ នៅចំពោះមុខស្ថានការណ៍ដ៏ចលាចល និងការផ្លាស់ប្តូរនៅក្នុងទីក្រុងហុងកុង ប្រទេសចិនបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអំណាចនៃអភិបាលកិច្ចគ្រប់ជ្រុងជ្រោយលើតំបន់រដ្ឋបាលពិសេសស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាន ហើយបានអនុវត្តគោលការណ៍បែបអ្នកស្នេហាជាតិ គ្រប់គ្រងលើហុងកុង។

គួរជម្រាបថា ទាំងនេះមិនមែនជារឿងតែមួយគត់ដែលលោកស៊ី បានថ្លែងក្នុងសន្ទរកថាដល់ទៅជិត២ម៉ោងរបស់លោកនោះទេ។ លោកបានគូសបញ្ជាក់ស្ទើរតែគ្រប់រឿងទាំងអស់រាប់ទាំងនយោបាយក្នុងប្រទេស ការបរទេស សេដ្ឋកិច្ច ជំងឺកូវីដ១៩ និងសមិទ្ធិផលដែលប្រទេសចិនសម្រេចបាន ក្នុងពេលមួយអាណត្តិ៥ឆ្នាំចុងក្រោយផងដែរ។

សូមបញ្ជាក់ថា សមាជបក្សដែលភាគច្រើនជាកិច្ចប្រជុំបិទទ្វារក្នុងពេលជាង១មួយសប្តាហ៍ខាងមុខនេះ ធ្វើឡើងនៅពេលដែលទីក្រុងប៉េកាំងស្វែងកំពុងមានអរិភាពកាន់តែខ្លាំងឡើងជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងសំណុំរឿងកោះតៃវ៉ាន់ និងដែលកំពុងមានភាពជាដៃគូស្អិតល្មួតជាមួយរុស្ស៊ី ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕




អត្ថបទបន្ទាប់


លោកចូ បៃដិន ថា ផែនការសេដ្ឋកិច្ចដើមរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គឺជាកំហុស

ភាពវឹកវរនៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសកំពុងដាក់សម្ពាធកាន់តែខ្លាំងដល់រាជរដ្ឋាភិបាលលោកស្រី លី ត្រាស ដែលទើបជាប់ឆ្នោតជានាយករដ្ឋមន្ត្រី បន្ដពីល…

ក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងជួបបញ្ហា ក្រោយមានវិធានការបង្ក្រាបការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន

វិធានការរបស់សហរដ្ឋអាមេរិកក្នុងការបង្ក្រាបលើការនាំចេញផលិតផលបច្ចេកវិទ្យាសម្រាប់បម្រើដល់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិននោះ គឺប្រៀបបាននឹងកាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ