ក្រុមអ្នកស៊ើបអង្កេតបានរកឃើញការផ្ទេររូបិយប័ណ្ណគ្រីបតូ USDT មានចំណុចគួរឱ្យសង្ស័យ បន្ទាប់ពីក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុនឆបោកខាងលើនេះត្រូវបានចាប់ខ្លួន ហើយទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុននេះត្រូវបានរឹបអូស។ ជារឿយៗ រូបិយប័ណ្ណគ្រីបតូ ត្រូវបានចាត់ទុកជាឧបករណ៍ដ៏ងាយស្រួលមួយសម្រាប់ការលាងលុយកខ្វក់ ព្រោះសាច់ប្រាក់អាចត្រូវបានបំប្លែងទៅជារូបិយប័ណ្ណគ្រីបតូយ៉ាងងាយស្រួល បន្ទាប់មកបំប្លែងវាទៅជាសាច់ប្រាក់វិញ ឬបំប្លែងទៅជាទ្រព្យសកម្មផ្សេងៗទៀតក្នុងគោលបំណងទុច្ចរិត ដើម្បីលាក់បាំងប្រភពដើមនៃលុយកខ្វក់ទាំងនោះ។
សូមបញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូ USDT ឬដែលគេស្គាល់ថា Tether មានទំនាក់ទំនងនឹងការលាងលុយកខ្វក់ញឹកញាប់បំផុត ជាពិសេសនៅអាស៊ី និងអាស៊ាន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីអំឡុងខែមករា ឆ្នាំនេះបង្ហាញថា ក្រុមឧក្រិដ្ឋជនចូលចិត្តប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ USDT សម្រាប់ការផ្ទេរប្រាក់ងាយស្រួលដោយសារថ្លៃសេវាទាប មានសុវត្ថិភាព ហើយជាធម្មតាវាត្រូវបានកាស៊ីណូប្រើប្រាស់សម្រាប់ល្បែងអនឡាញ៕
ដោយ: តែម សុខុម