សេរីភាព​សារព័ត៌មាន

ប្រធាន​ ខេមបូចា៖ សារព័ត៌មាន​ឯករាជ្យ មិនមែនជាសត្រូវរបស់​បក្ស​នយោបាយ ឬរដ្ឋាភិបាលទេ


ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា ដែលទើប​នឹង​សម្ពោធ​បើក​ជា​ផ្លូវការ កាលពីថ្ងៃទី១៣ ខែ​ធ្នូ បាន​និយាយថា សារព័ត៌មាន​ឯករាជ្យ​មិនមែន​ជាសត្រូវ​​របស់​បក្ស​នយោបាយ ឬ​ក្រុម​ណាមួយ ឬ​រដ្ឋាភិបាល ឬ​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋាភិបាល​ណា​មួយ នោះទេ ប៉ុន្តែ ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ផ្ដល់​ព័ត៌មានពិត និង​គ្រប់ជ្រុងជ្រោយ។
លោក ណុប វី ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា)។
ដោយ

លោក ណុប វី ប្រធាន​ក្រុមប្រឹក្សា​ ខេមបូចា បាន​និយាយ​នៅក្នុង​សុន្ទករថា​​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ ខេមបូចា ជា​ផ្លូវ​ការ យ៉ាងដូច្នេះថា «ការផ្សាយ​ព័ត៌មាន​ពិត​ស៊ីជម្រៅ និង​រឿង​រ៉ាវ​រសើប គឺជាការចូលរួម​ចំណែក​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​សង្គម។ ដូចគេ​តែង​និយាយថា សារព័ត៌មាន​ជាអ្នក​ឃ្លាំ​មើល​ការងារ​របស់​រដ្ឋាភិបាល។ ប្រសិន​បើ​មាន​ចំណុច​ខ្វះ​ខាត​អ្វីមួយ អ្នក​សារ​ព័ត៌មាន​ត្រូវតែ​ហ៊ាន​សរសេរ»។

លោក ណុប វី បាននិយាយ​​ថា អ្នកសារព័ត៌មាន​ឯករាជ្យ គួរតែ​មាន​សេរីភាពពេញលេញ ក្នុង​ការប្រមូល​ព័ត៌មាន សរសេរ និង​ផ្សព្វផ្សាយ ជាពិសេស គឺ​ការសម្រេចចិត្ត​របស់ពួកគេ ទៅ​លើ​ប្រភេទ​រឿង​ដែល​ត្រូវ​សរសេរ ដោយ​គ្មាន​ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​គំនាប​លើ​ខ្លួន​។ 

លោក ម៉ៃ ទិត្យថារ៉ា​ នាយក​ប្រតិបត្តិ​ ខេមបូចា។

លោក ម៉ៃ ទិត្យ​ថារ៉ា នាយកប្រតិបត្តិ​ ខេមបូចា ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដដែលនេះ​ ថា ខេមបូចា ត្រូវបាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់អ្នកសារព័ត៌មាន​ក្នុងការ​បំពេញ​តួនាទី​ វិជ្ជាជីវៈរបស់​ខ្លួន ដោយ​សេរី និង​ប្រកប​ដោយ​គុណភាព។

លោក ម៉ៃ ទិត្យថារ៉ា បាន​និយាយ​យ៉ាង​ដូច្នេះ ថា «អ្នកសារព័ត៌មាន​នៅតែទទួល​រង​ការគំរាម​កំហែង ការ​ប្ដឹង​ផ្ដល់ និង​ភាព​ប្រឈម​នានា ដូច្នេះ ពួកគាត់ត្រូវ​ការស្ថាប័ន​មួយ​ដែលមាន​ឆន្ទៈ និងផ្ដល់​ការគាំទ្រ​ពេញ​ទំហឹង​ ក្នុង​ការជួយ​ដល់​ពួកគាត់»។ 

គួរបញ្ជាក់ថា កម្មវិធី​សម្ពោធ​ផ្លូវការ​សម្ព័ន្ធ​ ខេមបូចា នៅថ្ងៃទី១៣ ខែ​ធ្នូ មានអ្នកសារព័ត៌មាន មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល តំណាង​ទូត​បរទេស​ចូលរួម ប្រមាណ ២០០នាក់។ 

ឯកអគ្គរាជទូត​ស៊ុយអែត លោក ប្យ៊ន ហេកម៉ាក (Björn Häggmark)។

ឯកអគ្គរាជទូត​ស៊ុយអែត លោក ប្យ៊ន ហេកម៉ាក (Björn Häggmark) បានថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ ខេមបូចា ថា បើ​មើល​ទៅ​លើ​ស្ថានភាព​ជុំវិញ​ពិភព​លោក បច្ចុប្បន្ន វាជាការគួរឲ្យរំខានចិត្ត ដែល​យើង​ឃើញថា សិទ្ធិ​ជាមូលដ្ឋាន និង​សេរីភាព​បញ្ចេញ​មតិ និងសេរីភាព​សារព័ត៌មាន កំពុង​ស្ថិតក្រោម​ការគំរាម​កំហែង​កាន់តែកើនឡើង នៅជុំវិញពិភពលោក។ 

លោក​ឯកអគ្គរាជទូត​ស៊ុយអែត បន្ថែមថា នៅកន្លែងជាច្រើន លទ្ធិប្រជាធិបតេយ្យ​និង​នីតិ​រដ្ឋ​​ត្រូវ​បាន​គេ​ធ្វើ​ឲ្យអន្តរាយ សិទ្ធិ​មនុស្ស​ត្រូវគេរំលោភ និងចរិតជាសាកល​នៃ​សិទ្ធិ​មនុស្សត្រូវបាន​គេ​បដិសេធ។ ការបំភិតបំភ័យ និង​ការបៀតបៀនពីសំណាក់​អាជ្ញាធរ​និង​ជន​ដទៃ​ទៀត តម្រង់គោលដៅ​ទៅលើ​អ្នក​សារព័ត៌មាន​និងអ្នកការពារសិទ្ធិ​មនុស្ស។ 

ស្ថាបនិក ខេមបូចា ថតរូបអនុស្សាវរីយ៍​ថ្ងៃ​សម្ពោធ​ ខេមបូចា។

គួរបញ្ជាក់ថា នៅកម្ពុជា បើ​ពិនិត្យ​មើលទៅ​លើ​ស្ថានភាពចុងក្រោយ​បំផុត​ទាក់ទិននឹង​សេរីភាព​សារព័ត៌មាន អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ២រូប កំពុង​ស្ថិតនៅក្រៅឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ សំណុំរឿង​តុលាការរបស់ពួកគេ​កំពុង​បន្ត​​ដដែល​ ក្រោម​បទ​ចោទប្រកាន់ចារកម្ម ខណៈ​ដែលពួកគេ​បដិសេធ​ការចោទ​ទាំងនេះ។ 

នៅកម្ពុជាផងដែរ បើ​តាម​មន្ត្រី​ក្រសួងព័ត៌មាន គិត​មក​ដល់​ត្រីមាស​ទី៣ ឆ្នាំ​២០១៩​នេះ កម្ពុជា​មាន​សមាគម​អ្នកសារព័ត៌មាន​ចំនួន ៤៤ (មិនទាន់បូកបញ្ចូល ខេមបូចា), ទូរទស្សន៍៍​អាណាឡុក និង​​ឌីជីថល​ចំនួន​២៧​ស្ថានីយ, ទូរទស្សន៍​ខ្សែ​កាប ២១​ប៉ុស្តិ៍, វិទ្យុ អែហ្វអឹម និង​អាអឹម ចំនួន​២១២​ស្ថានីយ, កាសែត​បោះពុម្ព​ផ្សាយ​ចំនួន​៤៥០, ទស្សនាវដ្តី​ចំនួន​១៩៦, ព្រឹត្តបត្រ​ព័ត៌មាន​ចំនួន​២១, គេហទំព័រ និង​ទូរទស្សន៍​អនឡាញ មាន​ចំនួន ៥០៤ អង្គភាព៕ 

ស្ថាបនិក ខេមបូចា ថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងតំណាង​ទូត​បរទេស នា​ថ្ងៃ​សម្ពោធ​ ខេមបូចា។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំទឹកប្រាក់វិនិយោគរបស់ចិន​នៅវៀតណាម កើនឡើងស្ទើរតែទ្វេដង

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ទំហំទឹកប្រាក់នៃការវិនិយោគរបស់ ជនជាតិចិន នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២,២ ពាន់លានដ…

បុរី ប៉េង ហួត បង្ហាញ​ម្ចាស់​រង្វាន់​ខុនដូ​ ទាំង ៣​យូនីត ពី​កម្មវិធី​ទិញ​ផ្ទះ​ឈ្នះ​ខុនដូ

ព័ត៌មាន
រង្វាន់​ខុនដូ ទាំង ៣​យូនីត របស់ បុរី ប៉េង ហួត ត្រូវ​បាន​រក​ម្ចាស់​ឃើញ​ហើយ តាមរយៈ​ការចាប់​រង្វាន់​ក្នុង​មហា​ព្រឹត្តិការណ៍ "ភាព​ឥត​ខ្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ